ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋ ប្ដឹង ស្នងការ រង ខេត្ត តាកែវពីបទចាប់មនុស្សជំរិតទារប្រាក់

តាកែវ ៖ យោងតាមពាក្យបណ្តឹង ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ របស់មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និង ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តតាកែវ ដែលសុំមិនបញ្ចេញឈ្មោះ បានប្តឹងលោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការងនគរបាលខេត្តតាកែវ ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកម្មវត្ថុ «សំណើសុំគោលការណ៍អង្កេតស្រាវជ្រាវពាក្យបណ្តឹង ចោទប្រកាន់ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង អត្តលេខ ៣០២៦៨ ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ»។

បញ្ហានេះ ក្រសួងមហាផ្ទៃ សម្រេចចេញលិខិតបង្គាប់ការមួយ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ដោយបានចាត់តាំងលោកឧត្តមសេនីយ៍ឯក សេង វណ្ណៈ ប្រធាននាយកដ្ឋានទទួលពាក្យបណ្តឹង និង អង្កេតស្រាវជ្រាវកិច្ចការនគរបាល និង សហការីចំនួន៥នាក់ ចុះបំពេញបេសកកម្មនៅស្នងការដ្ឋាននគរបាលខេត្តតាកែវ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ដើម្បីអង្កេតស្រាវជ្រាវលើពាក្យបណ្តឹង ដែលបានចោទប្រកាន់លើ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ។

ចាប់តាំងពីថ្ងៃចូលកាន់តំណេងនៅដើមឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ពុំដែលមានស្នាដៃក្នុងការបង្ក្រាបបទល្មើស ទេ គឺ បានតែអួតអាងបង្កើតបក្ខពួក គំរាមកំហែងថ្នាក់ក្រោម គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ។

នៅចុងឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង រួមជាមួយបក្ខពួកបានចាប់បង្ខាំងជនរងគ្រោះជំរិតយកប្រាក់ចំនួន២០ម៉ឺនដុល្លារ និង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង និង លោកវរសេនីយ៍ទោ សាក់ ទូច រួមទាំងបក្ខពួកបានធ្វើសកម្មភាពចាប់បង្ខាំងជនរងគ្រោះជាជនជាតិវៀតណាមចំនួន៣នាក់ និង ជនជាតិខ្មែរចំនួន២នាក់ ជំរិតយកប្រាក់ចំនួន១០ម៉ឺនដុល្លារ និង បានដកហូតយកខ្សែដៃ ខ្សែក ចិញ្ចៀនពេជ្រពីជនរងគ្រោះ ដោយមានលោកវរសេនីយ៍ទោ រស់ សេន នាយរងការិយាល័យបុគ្គលិក ជាអ្នកបកប្រែ ។

ប្រភពព័ត៌មាន បន្តទៀតថា លុះដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ មានតំណាងរបស់ជនរងគ្រោះចំនួន២នាក់ បានមកប្តឹងតវ៉ាដល់ស្នងការដ្ឋាននគរបាលខេត្តតាកែវ គឺ លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី និង លោកឧត្តមសេនីយ៍ទោ សុខ សម្បត្តិ បម្រើការងារនៅអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ ក្នុងគោលបំណងទាមទារអោយអនុវត្តច្បាប់ចំពោះមន្ត្រីនគរបាលជាន់ខ្ពស់ខាងលើ និង ទាមទារយកសម្ភារៈដែលបានដកហូត យកពីជនរងគ្រោះជាអ្នកវិនិយោគិនជនជាតិវៀតណាម ត្រឡប់មកវិញ ។

ក្រោយពីមានបណ្តឹងតវ៉ា ក៏មានស្នងការរងនគរបាលខេត្តតាកែវ មួយរូប បានយកសម្ភារៈទៅប្រគល់ជូនជនរងគ្រោះ វិញដល់រាជធានីភ្នំពេញ ។

ករណីនេះ តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ ធ្លាប់បានកោះហៅលោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង សាកសួរដំណើររឿងបង្ខាំងមនុស្សខុសច្បាប់ម្តងរួចមកហើយ ។ ម្យ៉ាងវិញទៀត លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង បានធ្វើអោយពលរដ្ឋក្នុងខេត្តតាកែវ ភ័យខ្លាចនិងបាត់បង់ទំនុកចិត្តមកលើសមត្ថកិច្ច ដែលជាអ្នករក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ពិសេសការកើតមានបទល្មើស ជាបន្តបន្ទាប់ក្នុងមូលដ្ឋានខេត្តតាកែវ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង រង់ចាំតែហៃអើជាមួយបទល្មើស ដោយពុំមានចំណាត់ការជាក់ស្តែង ឡើយ ។

ទោះបីយ៉ាងណា ពេលនេះ ក្រសួងមហាផ្ទៃ បានសម្រេចចេញលិខិតបង្គាប់ការ ដោយបានចាត់តាំងលោកឧត្តមសេនីយ៍ឯក សេង វណ្ណៈ ចុះបំពេញបេសកកម្មនៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ហើយ នៅរង់ចាំតែលទ្ធផល លើលោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ប៉ុណ្ណោះ ៕

Leave a Reply

Your email address will not be published. Required fields are marked *