ព័ត៌មានជាតិ

អ្នកឧកញ៉ា ហុង ពីវ បន្ដឧបត្ថម្ភថវិកាដ៏ច្រើនរហូតដល់ ២លានដុល្លារអាមេរិក ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា

ការប្រគល់ថវិកាទាំងអស់នេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ ហើយក៏ចំថ្ងៃពិសេសគឺថ្ងៃខួបកំណើតរបស់អ្នកឧកញ៉ា ហុង ពីវ គម្រប់អាយុ៦៦ឆ្នាំ។

នេះជាលើកទី៥ហើយ ដែលអ្នកឧកញ៉ា ហុង ពីវ និងក្រុមគ្រួសារ បានបរិច្ចាគថវិកាដ៏ច្រើនដល់មន្ទីរពេទ្យគន្ធបុប្ផា, ដោយកាលពីឆ្នាំ២០១៦ ឧបត្ថម្ភ១លានដុល្លារ ឆ្នាំ២០១៧ ឧបត្ថម្ភ២លានដុល្លារ ឆ្នាំ២០១៨ ២,១៦៨,៨៨៨ដុល្លារ, ឆ្នាំ២០១៩ ២,១៨៨,៨៨៨ដុល្លារអាមេរិក និងឆ្នាំ២០២១នេះ ចំនួន២លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា មិនត្រឹមតែជួយដល់មន្ទីរពេទ្យគន្ធបុប្ផា អ្នកឧកញ៉ា ហុង ពីវ នាពេលកន្លងមកតែងតែជួយដល់កិច្ចសប្បុរសធម៌ផ្សេងៗជាច្រើននៅកម្ពុជា ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីមហាជនចំពោះទឹកចិត្តសប្បុរសធម៌របស់អ្នកឧកញ៉ា។

សូមរំលឹកថា កាលពីឆ្នាំ២០២០ អ្នកឧកញ៉ា ហុង ពីវ ជួយឧបត្ថម្ភដល់មន្ទីរពេទ្យកាល់ម៉ែត ៣លានដុល្លារអាមេរិក, ជួយឧបត្ថម្ភដល់យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ចំនួន ២លានដុល្លារអាមេរិក, ជួយឧបត្ថម្ភថវិកាចំនួន៣លានដុល្លារអាមេរិកទិញវ៉ាក់សាំងកូវីដ, ជួយដល់គ្រោះទឹកជំនន់ចំនួន៥០ម៉ឺនដុល្លារអាមេរិក។ ក្រៅពីទឹកចិត្តសប្បុរស ជួយឧបត្ថម្ភខាងលើនេះ អ្នកឧកញ៉ាក៏បានជួយឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជារៀងរាល់ឆ្នាំ, ជួយប្រជាពលរដ្ឋក្រីក្រ, ជួយសាងសង់អគារទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ, ជួយសាងសង់ផ្ទះជូនអតីតយុទ្ធជន និងចែកអង្គរសែនក្រអូបដល់ប្រជាពលរដ្ឋ និងមានជួយកន្លែងផ្សេងៗទៀតជាច្រើន។ល៕

Leave a Reply

Your email address will not be published. Required fields are marked *