ព័ត៌មានជាតិ

ព្រះមហាក្សត្រ ប្រោសព្រះរាជទានស្រះទឹកធំមួយដល់ប្រជារាសាស្ត្រនៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង

ក្រុមសម្តេចឪបានខិតខំប្រឹងប្រែងកសាងព្រះរាជសមិទ្ធផលដ៏ឧត្តុងឧត្តមនេះចាប់តាំងពីថ្ងៃទី២៦ ខែមករា រហូតដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយសម្រេចបានលទ្ធផលប្រមាណ ១៥% ហើយ។

យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានក្រុមសម្តេចឪ បានចុះពិនិត្យសកម្មភាពការងាររបស់មន្ត្រី និងបុគ្គលិកនៃក្រុមសម្តេចឪ ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្មលើការកសាងព្រះរាជសមិទ្ធផលដ៏ថ្លៃថ្លានេះ រួមដំណើរដោយលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង និងលោក ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង។

ការប្រោសព្រះរាជទានព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដល់ប្រជារាស្ត្ររបស់ព្រះអង្គនៅក្នុងមូលដ្ឋានឃុំក្រោលគោនេះ គឺមានលក្ខណៈដ៏វិសេសវិសាល ដើម្បីបម្រើនូវឧត្តមប្រយោជន៏យ៉ាងធំធេងចំពោះប្រជារាស្ត្រឱ្យកាន់តែងាយស្រួល ក្នុងការនាំយកទឹមកទទួលទាន និងប្រើប្រាស់បម្រើការងារផ្សេងៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ព្រមជាមួយនេះ ព្រះអង្គបានប្រោសព្រះរាជទានព្រះរាជអំណោយសព្វបែបយ៉ាង សម្រាប់ជួយផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងព្រះរាជអំណោយជាព្រះរាជសមទ្ធិផលដ៏ឧត្តុងឧត្តមជាច្រើនមាន ដូចជា ស្រះទឹក ផ្លូវលំ អគារសិក្សា មន្ទីរពេទ្យ មណ្ឌលសុខភាព មណ្ឌលសុខភាពជាដើម សម្រាប់ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជារាស្រ្ត និងការចូលរួមក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនបន្ថែមទៀត។

ប្រជារាស្ត្ររស់នៅឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានថ្លែងនូវអំណរព្រះគុណដ៏ជ្រាលជ្រៅបំផុតចំពោះព្រះរាជទានព្រះរាជសមិទ្ធផលដ៏ឧត្តុងឧត្តមខាងលើនេះ និងសូមបួងសួងដ៏គុណបុណ្យព្រះរតនៈត្រ័យ ព្រះតេជៈបារមីនៃវត្ថុស័ក្តិសិទ្ធិគ្រប់ព្រះអង្គក្នុងលោក សូមព្រះអង្គជួយបីបាច់ថែរក្សា និងប្រោសប្រទាននូវព្រះពរជ័យ សិរីមង្គល ដ៏បវមហាប្រសើរថ្វាយ ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបតែនឹងសិរីសួស្តី ជ័យមង្គល ព្រះមរបសុខ គ្រប់ប្រការ ព្រះរាជសុខមាលភាពដ៏ល្អបរិបូរណ៍ ព្រះកាយពលមាំមួរ និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាមហាម្លប់ដ៏ត្រជាក់សុខសាន្តសម្បូរសប្បាយដល់កូនចៅ ចៅទួតរបស់ព្រះអង្គជាដរាបតរៀងទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *