ព័ត៌មានជាតិ

សម្ដេចពិជ័យសេនា ទៀ បាញ់៖ សមយុទ្ធនាគមាសឆ្នាំ២០២១ ត្រូវបាន​លើកពេល​ដោយសារការរីករាលដាល​មេរោគកូវីដ

កំពង់​ស្ពឺ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​ថា សម​យុទ្ធ​នាគ​មាស​ឆ្នាំ​២០២១ ​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​រំដោះ​ប្រជាជន​​ចិន ត្រូវបាន​លើក​ពេល ដោយ​សារ​ការរីក​រាលដាល​នូវ​មេរោគ​កូ​វីដ​១៩ និង​ទឹកជំនន់ កាលពី​ឆ្នាំ​២០២០​កន្លង​ទៅ។​

 

​​សម្ដេចពិជ័យសេនា ទៀ បាញ់ បាន​ថ្លែងប្រាប់​អ្នកយកព័ត៌មានយ៉ាងដូច្នេះ​ ខណៈសម្ដេច​​អញ្ជើញ​ជា​អធិបតីភាព ក្នុង​កម្មវិធី​សម្ពោធ​ទីលាន​ហ្វឹកហាត់​ចម្រុះ និង​ការសម្តែង​លំ​ហាត់​របស់​និស្សិត​នាយ​ទាហាន​​ទ័ព​​ជើងគោក​​ជំនា​​ន់ទី​៩ នៅ​វិទ្យាស្ថាន​ទ័ពជើងគោក ខេត្ត​កំពង់​ស្ពឺ នៅ​ព្រឹក​ថ្ងៃទី០​១ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​លើកឡើងថា ការធ្វើ​សម​យុទ្ធ​បាញ់​គ្រាប់​ពិត នៅ​ឆ្នាំ​២០២១​នេះ ​គឺ​មិនអាច​ធ្វើបាន​នោះឡើយ ប៉ុន្តែ​កិច្ច​សហប្រតិបត្តិការ​រ​វាង​កងទ័ព ​នៃ​ប្រទេស​ទាំងពីរ​ គឺ​នៅតែមាន​ដដែល​។​

​​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​បញ្ជាក់​ផងដែរ​ថា ទីលាន​ហ្វឹកហាត់​ចម្រុះ ដែល​បាន​សម្ពោធ​ដាក់​​​ឲ្យ​ប្រើប្រាស់​នាពេលនេះ​ គឺជា​អំណោយ​របស់​កងទ័ព​ចិន ហើយ​ទីលាន​នេះ​គឺ​វា​នឹង​ផ្តល់​ផល​ប្រយោជន៍​​យ៉ាង​​ធំធេង​ដល់​កងទ័ព​កម្ពុជា ក្នុងការ​ហ្វឹកហាត់​ជំនាញ​បន្ថែម​ទៀត ​ក្នុង​វិស័យ​ការពារ​ជាតិ ហើយ​ក៏​ជាការ​បញ្ជា​ក់នូវ​ទំនាក់ទំនង​រវាង​កង​ទ័ព​នៃ​ប្រទេស​ទាំងពីរ។

​​ឯកឧត្ដម វ៉ាង វិ​ន​ធៀន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​លើកឡើងថា កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កងទ័ព​ក​ម្ពុ​ជា និង​កងទ័ព​ចិន គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​ការកសាង​សហគមន៍​ជោគវាសនា​រួមគ្នា​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត​សម្រាប់​ប្រទេស​ទាំងពីរ ហើយ​កងទ័ព​ទាំងពីរ​តែងតែ​រក្សាបាន​នូវ​ទំនុកចិត្ត​យុទ្ធសាស្ត្រ​គ្រប់​កម្រិត​ខ្ពស់ ដោយបាន​អនុវត្ត​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែ​ការ​នាពេល​កន្លងទៅនេះ​។​

​​ឯកឧត្ដម ឯកអគ្គរដ្ឋទូត​ ក៏បាន​លើកឡើង​ផងដែរ​ថា កងទ័ព​ចិន និង​កងទ័ព​កម្ពុជា​នៅ​ប្រគៀក​ស្មា​គ្នា​ជានិច្ច​ក្នុង​កិច្ចសហប្រតិបត្តិការ​នា​នា ជាពិសេស​រួមគ្នា​ប្រយុទ្ធប្រឆាំង​នៃ​ការរីក​រាលដាល​នូវ​មេរោគ​កូ​វីដ​១៩ នាពេល​បច្ចុប្បន្ន​នេះ​តែម្តង​៕

Leave a Reply

Your email address will not be published. Required fields are marked *