ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក អុី សុខឃី បញ្ជាឲ្យស្រាវជ្រាវរកក្រុមហ៊ុនបម្រើសេវាសន្ដិសុខ ដែលមិនចុះបញ្ជីមកចាត់វិធានការតាមច្បាប់ ដើម្បីការពារប្រយោជន៍ក្រុមហ៊ុនស្របច្បាប់

ក្នុងកិច្ចប្រជុំពង្រឹងការងារគ្រប់គ្រងសន្ដិសុខឯកជន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី បានអះអាងថា ប្រសិនបើក្រុមហ៊ុនបម្រើសេវាសន្ដិសុខណាមួយមិនចុះបញ្ជីត្រឹមត្រូវ ហើយលួចធ្វើអាជីវកម្មនោះ អាចធ្វើឲ្យខូចតម្លៃដល់ក្រុមហ៊ុន ដែលបានចុះបញ្ជីត្រឹមត្រូវ នៅពេលប្រជាពលរដ្ឋជួលភ្នាក់ងារសន្ដិសុខឯកជននោះទៅការពារ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី បានបញ្ជាក់យ៉ាងដូច្នេះថា «ជនណាក៏ដោយដែលកំពុងធ្វើសកម្មភាព ឬអាជីវកម្មពាក់ព័ន្ធការងារសន្ដិសុខឯកជន ដោយគ្មានច្បាប់អនុញ្ញាត។ ទន្ទឹមនឹងការជួយពង្រឹងការងារច្បាប់ទម្លាប់ដល់អ្នកដែលធ្វើការងារត្រឹមត្រូវតាមច្បាប់ ក៏យើងត្រូវរកឲ្យឃើញអ្នកដែលប្រព្រឹត្តខុសច្បាប់ដែរ។ នេះគ្រោះថ្នាក់ គ្រោះថ្នាក់ត្រង់ថា ក្រុមហ៊ុនសន្ដិសុខឯកជន គាត់ធ្វើការងាររបស់គាត់ពាក់ព័ន្ធមុខជំនួញបើសិនជាក្រុមហ៊ុនអត់ច្បាប់ទៅបង្កើត ហើយប្រជែងធ្វើឲ្យខូចទីផ្សារ ខូចតម្លៃ ខូចអាជីវកម្មរបស់គាត់»។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី បានលើកឡើងទៀថា ដើម្បីនាយកដ្ឋានជំនាញមានមូលដ្ឋានក្នុងការគ្រប់គ្រងបន្ថែមទៀតនោះ ត្រូវណែនាំ និងប្រាប់ទៅក្រុមហ៊ុនភ្នាក់ងារសន្ដិសុខដែលបានចុះបញ្ជី ត្រូវជួយសហការ ក៏ដូចជាផ្ដល់ព័ត៌មានអំពីក្រុមហ៊ុនណាដែលសង្ស័យថា ធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត។

បន្ថែមពីនេះ ឯកឧត្តមឧត្តមសេនីយ៍ឯកអគ្គស្នងការរង ក៏បានណែនាំដល់នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ក៏ដូចជាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ពង្រឹងលើការងារគ្រប់គ្រងក្រុមហ៊ុនសន្ដិសុខឯកជន តាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីមានតួលេខច្បាស់លាស់ និងផ្ដល់ភាពងាយស្រួលនៅពេលមានបញ្ហាអ្វីមួយកើតឡើង។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី បានសង្កត់ធ្ងន់ថា សន្ដិសុខឯកជនពុំមែនមានត្រឹមតែបម្រើការងារដល់ក្រុមហ៊ុន ឬសហគ្រាស គ្រឹះស្ថានប៉ុណ្ណោះទេស គឺមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមថែរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសការពារទ្រព្យសម្បត្តិ និងអាយុជីវិតដល់ប្រជាពលរដ្ឋផងដែរ ហើយភ្នាក់ងារសន្ដិសុខឯកជន តួនាទីជាកម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនភ្នាក់ងារសន្ដិសុខឯកជន ដែលបានចុះបញ្ជីត្រឹមត្រូវ មានចំនួន២៣៤ក្រុមហ៊ុន មានកម្លាំង១២,៩៦៨នាក់ ស្រី១,៩៤២នាក់។ ដោយឡែកគ្រឹះស្ថានដែលប្រើប្រាស់ភ្នាក់ងារសន្ដិសុខឯកជន មានចំនួន២,០១៦គ្រឹះស្ថាន មានកម្លាំង១៣,៣៥៩នាក់។

បើតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី រហូតមកដល់ពេលនេះ នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខ ឯកជន បានចំនួន៣១វគ្គ មានសិក្ខាកាមចូលរៀនសរុប ចំនួន៥,៧៣៣នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *