ព័ត៌មានជាតិ

ស្តង់​​ជាង​២០០ នៅ​ឆ្នេរ​អូរត្រេះ ត្រូវ​អាជ្ញាធរខេត្ត​ព្រះសីហនុ​ ឈប់ឲ្យលក់​ភ្លាមៗ ​

ស្តង់​លក់ទំនិញ​ចំនួន​ប្រមាណ​ជាង​២០០ ដែល​បាន​រៀបចំឡើង​នៅ​តំបន់​ក្បែរ​ឆ្នេរ សមុទ្រ​អូរត្រេះ២ ស្ថិត​ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ខេត្ត​ព្រះសីហនុ​ ដើម្បី​តាំង​ពិព័រណ៍​លក់​ផលិតផល​ ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម ត្រូវ​បាន​អាជ្ញាធរ សម្រេច​បញ្ឈប់​មិន​ឲ្យ​ធ្វើ​អាជីវកម្ម​បន្តទៀត។

មន្ត្រី​សាលាខេត្ត​ព្រះសីហនុ​ ខណៈ​ពេល​ចុះ​អនុវត្ត​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​ស្តីពី​ការសម្រេច​បញ្ឈប់​ការ​តាំងពិព័រណ៍​ស្តង់​លក់ទំនិញ​ក្រុមហ៊ុន​​ វ៉ា គ្រី ថេ​ន អេ​ន​ធើ​ប្រាយ អេ​ន​អឺ​វេន មេ​នេ​ប​មេន​សឺ​វី​ស ​បានធ្វើការ​បញ្ជាក់​ថា​ ក្រុមហ៊ុន​នេះ ​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ​ក្នុង​ការ​រៀបចំ​ស្តង់​លក់ទំនិញ​រយៈពេល​៧​ថ្ងៃ​ ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម រយៈពេល ៧​ថ្ងៃ គី​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ ប៉ុន្តែ​អ្វី​ដែល​ជា​មូល​ហេតុ​ឈាន​ដល់​ការបញ្ឈប់​ការ​តាំង​ពិព័រណ៍​ស្តង់​លក់ទំនិញ​ក្រុមហ៊ុន​ខាង​លើ​នេះ​ ដោយសារតែ​ក្រុមហ៊ុន​នេះ​ មិនបាន​អនុវត្ត​តាម​ខ្លឹមសារ​លិខិត​លេខ​០១៤​សខល​ចុះ​ថ្ងៃ​ទី​២៦​ ខែ​មករា​ ឆ្នាំ​២០២១​របស់​ក្រសួងសុខាភិបាល ស្តីពី “​ការពង្រឹង​ការអនុវត្ត​វិធានការ​ការពារ​ការ​ចម្លង​ជំងឺ​កូ​វី​ដ​-១៩ នៅ​តាម​ពិធី បុណ្យ​ផ្សេងៗ និង​ពិធី​រៀប​អាពាហ៍ពិពាហ៍ និង​មិន​អនុវត្តតាម​ស្មារតី​អង្គប្រជុំ​ថ្ងៃទី​០៩​ខែកុម្ភៈ​ឆ្នាំ​២០២១ ​នៅ​សាលា​ខេត្ត​ព្រះសីហនុ ដោយ​មិនបាន​ចែក​ម៉ាស និង​វាស់​កម្ដៅ​បាន​គ្រប់​ជ្រុងជ្រោយ មាន​មនុស្ស​មួយ​ចំនួន​ចេញ​-​ចូល តាម​ច្រក​ផ្សេងៗ​ដោយសារ​គ្មាន​របង​ព័ទ្ធជុំវិញ ព្រមទាំង​មិនបាន​រៀបចំ​ឲ្យ​មាន​គម្លាត​សុវត្ថិភាព​ចម្ងាយ ១,៥​ម៉ែត្រ ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​ ដែល​អាច​បណ្តាល​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩​។​ ក្នុងន័យនេះ​ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ រដ្ឋបាល​ខេត្ត​ព្រះសីហនុ សម្រេច​បញ្ឈប់​ការ​តាំងពិព័រណ៍ ចាប់ពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង ១៣:០០​នាទី​រសៀល នេះ​តទៅ​។​

​គួរ​បញ្ជាក់​ផងដែរ​ថា ស្តង់​លក់ទំនិញ​ខាងលើនេះ ត្រូវ​បាន​សាងសង់ឡើង​ដោយ​ក្រុមហ៊ុន វ៉ា គ្រី ថេ​ន អេ​ន​ធើ​ប្រាយ អេ​ន​អឺ​វេន មេ​នេ​ប​មេន​សឺ​វី​ស ហើយ​បាន​ជួល​បន្ត​ទៅ​ឲ្យ ក្រុម​សមាគម​ន៏​អាជីវករ​លក់ដូរ​ផលិតផល មកពី​បណ្តាល​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស​កម្ពុជា ដោយ​ក្នុង​ស្តង់​មួយ​តម្លៃ​៣៥០ ដុល្លារ​រយៈពេល ៧​ថ្ងៃ នេះ​បើ​តាម​ប្រាប់​ឲ្យ​ដឹង​ពី​សំណាក់​បងប្អូន​អាជីវករ​ ប៉ុន្តែ​ពេលនេះ​ពួកគាត់​និយាយ​ថា ​ពួកគាត់​ខាតបង់​ច្រើន​ណាស់​ ពោល​គឺ​ ទំនិញដែល​នាំមក​ក្នុង​គោលដៅ​តាំង​លក់​នោះ បែរជា​មិនបាន​ដាក់​លក់ និង​ត្រូវ​ប្រមូល​ដឹកជញ្ជូន​ទៅវិញ ហើយ​បងប្អូន អាជីវករ ដែល​រង​ការ​ខាត់​បង់​ច្រើន​ជាង​គេ​នោះ គឺ​ក្រុម​អ្នក​លក់​ដូរម្ហូបអាហារ​តែម្តង​៕​

Leave a Reply

Your email address will not be published. Required fields are marked *