ព័ត៌មានជាតិ

នាយ ពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្ស បានមកជួបជុំគ្នាដើម្បីចាក់វ៉ាក់សាំងស៉ីណូហ្វាម ប្រឆាំងជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតចិន

————————
ពិធីចាក់វ៉ាក់សាំងបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២១ នាបរិវេណបញ្ជាការដ្ឋានអង្គរក្សក្រុងតាខ្មៅ ខេត្តកណ្ដាល ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ដែលអមដំណើរដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងនាយទាហានជាន់ខ្ពស់ជាច្រើនរូបទៀតផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០២១ ថ្នាក់ដឹកនាំមួយចំនួនរបស់កម្ពុជា កងទ័ព និងអ្នកសារព័ត៌មាន ដែលមានអាយុចន្លោះពី១៨ ទៅ៥៩ឆ្នាំ បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន។
ការទទួលវ៉ាក់សាំងកូវីដ១៩ ឈ្មោះស៉ីណូហ្វាម ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៥ ដែលមានអាយុចន្លោះពី១៨ ទៅ៥៩ឆ្នាំ៖
១៖ មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ
២៖ មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ
៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត
៤៖ មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន
៥៖ មន្ទីរពេទ្យកេតុមាលា សម្រាប់ថ្នាក់ដឹកនាំកងទ័ព។
ដោយឡែក សម្រាប់អង្គភាពទ័ពមួយចំនួន នឹងមានការរៀបចំទៅដាក់ដល់ក្នុងអង្គភាពផ្ទាល់តែម្ដង។
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ចិន ចំនួន៦០ម៉ឺនដូសនេះ ជាប្រភេទវ៉ាក់សាំងស៉ីណូហ្វាម ដែលផលិតដោយរដ្ឋាភិបាលចិន បានបញ្ជូនមកដល់ប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ។ ក្រោយមកដល់ប្រទេសកម្ពុជា វ៉ាក់សាំងស៉ីណូហ្វាមទាំងនេះ បានត្រូវប្រគល់ជូនក្រសួងការពារជាតិចំនួន ៣០ម៉ឺនដូស និងប្រគល់ជូនក្រសួងសុខាភិបាលចាត់ចែងចំនួន ៣០ម៉ឺនដូស៕

Leave a Reply

Your email address will not be published. Required fields are marked *