ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលខេត្ត

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលខេត្ត ដោយមានការចូលរួមពីរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គលេខាធិការរង អគ្គស្នងការ អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋានចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលខេត្តចំនួន១៩ អធិការនគរបាលស្រុក និងមន្ត្រីនគរបាលជាតិ សរុបប្រមាណ១៧០រូប។
ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានធ្វើសេចក្ដីរាយការណ៍ថា ការបំពាក់មធ្យោបាយបម្រើឲ្យកិច្ចប្រតិបត្តិការ នៅតាមបណ្ដាអង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ពីចុងឆ្នាំ២០១៩មក សម្ដេចក្រឡាហោម បានផ្ដល់ជាអំណោយនូវរថយន្តចំនួន៣លើក សរុបចំនួន៩៥គ្រឿង ហើយព្រឹកនេះ គឺជាលើកទី៤ សម្ដេចក្រឡាហោមបានផ្ដល់រថយន្តចំនួន៥០គ្រឿង ជូនបណ្ដាអធិការនគរបាលស្រុកដាច់ស្រយាលនៅតាមខេត្តចំនួន១៩ រួមមាន៖ ខេត្តព្រៃវែង, បាត់ដំបង, បន្ទាយមានជ័យ, ស្ទឹងត្រែង, ពោធិ៍សាត់, ព្រះវិហារ, កណ្ដាល, កំពង់ស្ពឺ, កំពង់ឆ្នាំង, កំពង់ចាម, ត្បូងឃ្មុំ, ក្រចេះ, តាកែវ, កំពត, ព្រះសីហនុ, កោះកុង, កំពង់ធំ, សៀមរាប និងខេត្តរតនគិរី។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា រថយន្តដែលផ្ដល់ជូនស្នងការដ្ឋាននគរបាលខេត្តនេះ គឺបានមកពីការចែករំលែកថវិការបស់រាជរដ្ឋាភិបាល ដែលផ្ដល់ឲ្យក្រសួងមហាផ្ទៃ សម្រាប់បម្រើឲ្យការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ហើយក្រសួងមហាផ្ទៃ បានលៃលក និងសន្សំសំចៃថវិកាមួយចំនួន ដើម្បីទិញរថយន្តផ្ដល់ជូនបណ្ដាអធិការនគរបាលស្រុកដាច់ស្រយាលនៅតាមខេត្តចំនួន១៩ ហេតុដូចនេះ រថយន្តទាំងអស់នេះ គឺជាសម្បត្តិរបស់រដ្ឋ។ សម្ដេច ក៏បានរំលឹកដែរថា កាលពីពេលកន្លងទៅ ក្រសួងមហាផ្ទៃ ក៏បានសន្សំថវិកា ដើម្បីសាងសង់សាលានគរបាលជាតិនៅតាមភូមិភាគ ដើម្បីផ្ដល់វគ្គបណ្ដុះបណ្ដាលមុខជំនាញ វិជ្ជាជីវៈ ដល់នគរបាលនៅគ្រប់កម្រិត។
សម្ដេចក្រឡាហោម បានសង្កត់ធ្ងន់ថា រថយន្តទាំងអស់នេះត្រូវចុះបញ្ជីសារពើពន្ធរបស់រដ្ឋ លើកគម្រោងជួសជុល ថែទាំឲ្យបានត្រឹមត្រូវ ហើយប្រើប្រាស់រថយន្តទាំងនោះឲ្យចំគោលដៅ តាមតួនាទី​និងភារកិច្ចបានត្រឹមត្រូវ។ សម្ដេចក៏បានបន្ថែមផងដែរថា ការបំពាក់មធ្យោបាយបម្រើឲ្យកិច្ចប្រតិបត្តិការនេះនឹងត្រូវបន្តធ្វើទៀត សម្រាប់អធិការដ្ឋាន និងស្នងការដ្ឋាននគរបាលខេត្តណាដែលមិនទាន់ទទួលបានគ្រប់គ្រាន់៕

Leave a Reply

Your email address will not be published. Required fields are marked *