ព័ត៌មានជាតិ

សម្តេចតេជោហ៊ុន សែនស្នើឲ្យហ្វីលីពីនទិញអង្ករពីកម្ពុជាដែលជាសក្តានុពលនៅក្នុងតំបន់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងស្នើឲ្យហ្វីលីពីនពិនិត្យមើលលទ្ធភា នឹងពិចារណាទិញអង្ករពីកម្ពុជាទៅកាន់ហ្វីលីពីន។

សម្តេចតេជោ មានប្រសាសន៍នៅក្នុងជំនួបពិភក្សាជាមួយឯកអគ្គរដ្ឋទូតហ្វីលីពីន លោកស្រី ម៉ារៀ អាមេលីតា អាគីណូ (Maria Amelita C.Aquino) ប្រចាំនៅប្រទេសកម្ពុជានៅព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១នេះ នៅវិមានសន្តិភាព។

ជំនួយកការផ្ទាល់សម្តេចតេជោ លោក អ៊ាង សុផល្លែត បានថ្លែងប្រាប់អ្នកសារព័ត៌មានថា កម្ពុជានៅសល់អង្ករប្រមាណ ៦ លានតោនក្នុង១ឆ្នាំ ដូច្នេះសម្តេចតេជោ បានស្នើឲ្យហ្វីលីពីនពិនិត្យមើលលទ្ធភាពពិចារណាអំពីស្ថេរភាពស្បៀងស្ថេរភាពអង្ករនៅកម្ពុជាសម្រាប់ការនាំចេញទៅជំរុញឲ្យ មានស្ថេរភាពស្បៀងនៅប្រទេសហ្វីលីពីន។

សម្ដេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា អ្នកវិនិយោគទុនហ្វីលីពីនក៏អាចមកដាក់ទុនវិនិយោគនៅកម្ពុជាតាម​រយៈការ ដាក់ទុនធ្វើម៉ាស៊ីនកិនស្រូវ សាងសង់ឃ្លាំងស្តុកស្រូវ និង បង្កើតជាបណ្ដាញដើម្បីទិញស្រូវស្រុកស្តុកទុកដើម្បីនាំចេញទៅកាន់ប្រទេសហ្វីលីពីន។

លោកស្រី ម៉ារៀ អាមេលីតា អាគីណូ បានមានប្រសាសន៍ឆ្លើយតបថាចាប់តាំងពីឆ្នាំ ២០១៩មក ប្រទេសហ្វីលីពីនបានលុបចោលច្បាប់ដាក់កំណត់នូវការនាំអង្ករចូលប្រទេស ហ្វីលីពីន។ ដូច្នេះការនាំអង្ករចូលត្រូវពឹងទៅលើក្រុមអ្នកវិនិយោគរបស់ហ្វីលីពីនដែលអាចមានចំណាប់អារម្មណ៍ក្នុងការនាំចូលអង្ករ ។ ក្នុងន័យនេះលោកស្រីនឹងលើកទឹកចិត្ត ឲ្យវិនិយោគិនហ្វីលីពីនមកកាន់កម្ពុជាដើម្បីពិនិត្យមើលលទ្ធភាពនាំអង្ករចេញពីកម្ពុជាទៅកាន់ប្រទេសហ្វីលីពីនព្រោះអង្ករនៅកម្ពុជាមានស្ថេរភាពអង្ករដែលអាចនាំចេញទៅហ្វីលីពីនបាន។

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​អាស៊ាន​ទាំង​ ២ ​នៅក្នុង​អំឡុង​ជំងឺ​កូវីដ​១៩ ក្នុង​ឆ្នាំ​ ២០២០ គឺមាន​តម្លៃ​ប្រហែល ៤៩,០៥ លាន​ដុល្លារ​ក្នុង​នោះ​ដែរការនាំ​ចូលមក​កម្ពុជា​មាន​តម្លៃ ២៥,០៩ ​លាន​ដុល្លារខណៈ​ការនាំចេញពី​កម្ពុជា​ទៅ​ហ្វីលីពីន​មានតម្លៃ២៣,៩៦ ​លាន​ដុល្លារ ​។ នេះ​បើ​យោងតាម​ស្ថិតិ​ពាណិជ្ជកម្មនិង​ឧស្សាហកម្ម​របស់​ហ្វីលីពីន​៕

Leave a Reply

Your email address will not be published. Required fields are marked *