ព័ត៌មានជាតិ

ក្រុមអ្នកជំនាញនាំពលករឆ្លងដែនខុសច្បាប់ចំនួន២នាក់ដែលតែងតែនាំពលរដ្ឋពីប្រទេសវៀតណាមចូលកម្ពុជាតាមខេត្តកំពត

ត្រូវអស់លក្ខ័ណ៍ជាប់​អន្ទាក់​កម្លាំងនគរបាលកាពារព្រំដែននិងឃាត់បានជនជាតិវៀតណាមប្រុស្រី៣នាក់
កំពត:​ មេក្លោង២នាក់ដែលត្រូវបានគេស្គាល់ថាអ្នកជំនាញនាំប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ពីប្រទេសវៀតណាមចូលមកកម្ពុជាតាមខេត្តកំពតនោះត្រូវ​អស់លក្ខណ៍​ជាប់អន្ទាក់កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោលលេខ​៦០១នៃស្នងការដ្ឋាននគរបាលខេត្តកំពតនៅវេលាម៉ោង៣ទាបភ្លឺថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២១នេះ។
ស្ន​ងការនគរបាលខេត្តកំពតលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២១នេះថាមេខ្យល់ទាំង២នាក់ដែលជំនាញនាំប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់នេះត្រូវបានចាប់ខ្លូននៅចំណុចភូមិកោះចំការឃុំបឹងសាលាខាងត្បូងស្រុកកំពង់ត្រាច។
បើតាមលោកឧត្តមសេនីយ៍ស្នងការមេខ្យល់ទាំង២នាក់នេះឈ្មោះ ហុន ថន អាយុ៤៣ឆ្នាំរស់នៅភូមិកោះចំការឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាចនិងឈ្មោះ ហុន វីក អាយុ៣៣ឆ្នាំរស់នៅភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិចស្រុកកំពង់ត្រាច។
ក្នុងនោះកម្លាំងនគរបាលក៏បានឃាត់ខ្លួនជនជាតិវៀតណាម៣នាក់ផងដែរដែលលួចឆ្លងដែនខុសច្បាប់តាមរយៈមេខ្យល់ខាងលើតាមការសាកសួរជនជាតិវៀតណាមនោះបានបញ្ជាក់ថាខ្លួនត្រូវបានមេខ្យល់នាំឆ្លងដែនខុសច្បាប់ចូលកម្ពុជាប្រាកដមែន។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានប្រគល់ជនជាតិវៀតណាមជូនយោធាការពារព្រំដែនវៀតណាមហើយបានសំណូមពរភាគីវៀតណាម ក្រោយពីធ្វើចត្តាឡីស័ករួចសូមផ្ដល់ព័ត៌មានអំពីលទ្ធផលនៃការធ្វើតេស្ដមកកម្ពុជាវិញ។
ចំណែកមេខ្យល់ជនជាតិខ្មែរសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី។
គួរបញ្ជាក់ថារហូតមកដល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជាបានពង្រឹងការងារគ្រប់គ្រងការឆ្លងដែនតាមបន្ទាត់ព្រំដែនប្រទេសយ៉ាងតឹងរឹងបំផុតដើម្បីការពារនិងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ពីប្រទេស​ជិត​ខាងរាល់ការចេញចូលតាមព្រំដែនទាំងអស់គឺតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដោយគ្មានការលើកលែងនោះឡើយ។
ពាក់ព័ន្ធការចាប់ខ្លួនមេខ្យល់នាំពលករខុសច្បាប់នេះសម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យដកស័ក្ដិនិងបណ្ដេញចេញពីគ្រប់ខ័ណ្ឌអធិការនគរបាលស្រុកកំរៀងខេត្តបាត់ដំបងម្នាក់ផងដែរឈ្មោះ គឹម ពន្លក ដែលបានដោះលែងខ្យល់ត្រឡប់ទៅវិញក្រោយទទួលបានលុយចំនួនពីការសូកប៉ាន់រហូតមកដល់ពេលនេះអតីតអធិការស្រុកកំរៀងត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយក៏ត្រូវតុលាការឃុំខ្លួនផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *