ព័ត៌មានសន្តិសុខសង្គម

អុញនោះ !! ក្រសួងពាណិជ្ជកម្មប្ដឹងទៅក្រសួងសុខាភិបាលឲ្យចាត់ការតាមច្បាប់ជាបន្ទាន់ ករណីឱសថទិព្វស្រីអូនសម្រស់ធម្មជាតិលេបជាសះស្បើយមួយរយមុខ

(ភ្នំពេញ) ៖ លោកអ្នកពិតជាបានដឹងច្បាស់រួចមកហើយ ពីក្រុមហ៊ុនសម្រស់ធម្មជាតិ ដែលនាំចូលផលិតផលអាហារបំប៉នម៉ាក CooSea កន្លងមកមានការផ្សព្វផ្សាយដល់អតិថិជនថា ផលិតផលនេះអាចព្យាបាលជំងឺរាប់សិបមុខ ដែល​មានការបំពានផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរ រហូតក្រសួងពាណិជ្ជកម្មប្ដឹងទៅក្រសួងសុខាភិបាល ដើម្បីមានវិធានការណ៍​តាមផ្លូវច្បាប់។

យោងតាមកម្មវត្ថុនៃពាក្យបណ្ដឹងក្រសួងពាណិជ្ជកម្មប្ដឹងទៅក្រសួងសុខាភិបាល កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ និងបានចូលក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ដោយបានសំណើរសុំផ្ដល់កិច្ចសហការ ដើម្បីមានវិធានការទប់ស្កាត់ អំពើមិនសុចរិតទាក់ទងទៅនឹងការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព ម៉ាក CooSea Premium Spirulina នាំចូលដោយក្រុមហ៊ុន សម្រស់ធម្មជាតិ ដែលមានអាស័យដ្ឋាន ផ្ទះលេខ៣៥ ផ្លូវ៥១០ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងនោះផងដែរ ដោយយោងតាមពាក្យបណ្ដឹង បានបញ្ជាក់ឲ្យដឹងថា កន្លងមកក្រសួងពាណិជ្ជកម្ម បានសង្កេតឃើញថា ការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពម៉ាក CooSea Premium Spirulina នាំចូលដោយក្រុមហ៊ុនសម្រស់ធម្មជាតិ មានចរិតជាការបំភាន់ និងបោកបញ្ឆោតដល់សាធារណៈជន តាមរយៈការអះអាងដោយគ្មានភស្ដុតាងថា អ្នកប្រើប្រាស់បានធូស្រាល ឬជាសះស្បើយពីជំងឺរាប់សិបប្រភេទ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ ក្រសួងពាណិជ្ជកម្មក៏ដូចជាគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ បានកត់សម្គាល់ឃើញថា ក្រុមហ៊ុននេះបានបំពានទៅនឹងមាត្រា១០ និងមាត្រា១២ នៃច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលករណីនេះតម្រូវឲ្យមានការស៉ើបអង្កេតដោយមន្ដ្រីមានសមត្ថកិច្ច ដើម្បីចាត់វិធានការស្របទៅតាមច្បាប់ជាធរមាន។

ក្រសួងពាណិជ្ជកម្មក៏បានសង្កត់ធ្ងន់ នូវចំណុចមួយចំនួនផងដែរ ៖

១.ក្រុមហ៊ុនត្រូវបញ្ឈប់ការផ្សព្វផ្សាយលក់តាមអនឡាញ ដែលមានចរិតភូតកុហក ខុសពីការពិត និងត្រូវមានការសុំអនុញ្ញាតជាមុនពីស្ថាប័នមានសមត្ថកិច្ច និងផ្ដល់ខ្លឹមសារទាំងឡាយ ដែលបញ្ជាក់ពីគុណភាព សុវត្ថិភាពផលិតផល និងការអះអាងផ្សេងទៀត ក្នុងការផ្សាយពាណិជ្ជកម្មមកក្រសួងពាណិជ្ជកម្ម។

២.តម្រូវឲ្យក្រុមហ៊ុនកែតម្រូវលើព័ត៌មាន ស្ដីអំពីជាតិអាហាររូបត្ថម្ភ (Supplement Facts) ដែលបានបោះពុម្ភនៅលើស្លាកសញ្ញា ពាក់ព័ន្ធទៅនឹងវីតាមីន A និងវីតាមីន B12 និងសារធាតុរ៉ែផ្សេងទៀត ដែលត្រូវអនុលោមទៅតាមការវិភាគបញ្ជាក់ពីមន្ទីរពិសោធន៍ ដែលមានការទទួលស្គាល់។

៣.តម្រូវឲ្យក្រុមហ៊ុនចុះបញ្ជីឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ស្ដីអំពីការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក។

ដើម្បីអាចដំណើរការស៉ើបអង្កេត លើករណីបំពានច្បាប់ពាក់ព័ន្ធទៅនឹងអំពើរមិនសុចរិត ដែលបានកំណត់នៅក្នុងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ក្រសួងពាណិជ្ជកម្ម ដែលមានអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប” ជាសេនាធិការ ស្នើសុំការកិច្ចសហការពីក្រសួងសុខាភិបាលក្នុងការផ្ដល់នូវឯកសារពាក់ព័ន្ធមួយចំនួនដូចខាងក្រោម ៖

១.លិខិតដែលពាក់ព័ន្ធទៅនឹងការចុះទិដ្ឋាការ និងបញ្ជីការផលិតផលឱសថបំប៉នសុខភាពម៉ាក CooSea Premium Spirulina ចំនួន១ច្បាប់។

២.វិញ្ញាបនបត្របញ្ជាក់ការដាក់លក់ CooSea Premium Spirulina ចំនួន១ច្បាប់។

៣.វិញ្ញាបនបត្រវិភាគ CooSea Premium Spirulina ចំនួន១ច្បាប់។

គួរបញ្ជាក់ផងដែរថា ៖ កន្លងមកសាខាសម្រស់ធម្មជាតិខេត្ដសៀមរាបមានយីហោ «ស្រីនាងសម្រស់ធម្មជាតិ» មានភាពមិនប្រក្រតី កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ តាមបណ្ដោយផ្លូវលោកតាណឺយ ភូមិដកពោធិ៍ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប។

តាមព័ត៌មានពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា កំហុសដែលសមត្ថកិច្ចបានចុះបិទទីតាំងមាន៤ចំណុចរួមមាន ៖ ១.បើកអាជីវកម្មអត់ច្បាប់ ២.អាហារបំប៉នមិនមានការចុះបញ្ជីប្រវេបរបស់ក្រសួងសុខាភិបាល ៣.ផាកពិន័យអន្ដរកាលស្ដីពីឱសថ ៤.ផ្អាកអាជីវកម្មជាបណ្ដោះអាសន្នរងចាំឲ្យមានច្បាប់សិន៕

Leave a Reply

Your email address will not be published. Required fields are marked *