ព័ត៌មានជាតិ

ស្ថានទូតចិន អបអរសាទរសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលចាក់វ៉ាក់សាំងកូវីដ-១៩, វ៉ាក់សាំង ជាជំនួយរបស់ចិន និង COVAX នឹងអាចជួយប្រជាជនកម្ពុជា រួចផុតពីផលប៉ះពាល់នៃជំងឺនេះ

តាមរយៈ Facebook ផ្លូវការ, ស្ថានទូតចិនប្រចាំនៅកម្ពុជា បានរំពឹងទុកថា វ៉ាក់សាំង ដែលជាជំនួយរបស់ចិន និងជំនួយរបស់អង្គការសុខភាពពិភពលោក តាមរយៈយន្តការកូវ៉ាក់ (COVAX) នឹងអាចជួយដល់ប្រជាជនកម្ពុជា រួចផុតពីផលប៉ះពាល់នៃជំងឺកូវីដ១៩នេះ។

ស្ថានទូតចិនប្រចាំកម្ពុជា បានថ្លែងសារបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមអបអរសាទរយ៉ាងកក់ក្តៅចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអញ្ជើញចាក់វ៉ាក់សាំងកូវីដ-១៩! ការឆ្លងនៃជំងឺវីរុសគ្មានព្រំដែនទេ ការរីករាលដាលនៃជំងឺវីរុសក៏មិនប្រកាន់ពូជសាសន៍ឡើយ ហើយការចាក់វ៉ាក់សាំងក៏មិនបែងចែកជាប្រទេសណាដែរ។ យើងសង្ឃឹមយ៉ាងមុតមាំថា វ៉ាក់សាំងដែលជាជំនួយរបស់ចិននិង COVAX នឹងអាចជួយដល់ប្រជាជនកម្ពុជារួចផុតពីផលប៉ះពាល់នៃជំងឺវីរុសកូវីដ-១៩ និងរួមចំណែកយ៉ាងសកម្មក្នុងការទប់ស្កាត់នឹងជំងឺមួយនេះ។ សូមជូនពរប្រជាជនកម្ពុជា មានសុខភាពល្អមាំមួន និងមានជីវភាពរស់នៅកាន់តែល្អប្រសើរ!»

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ អញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (Astra Zeneca) នៅមន្ទីរពេទ្យកាល់ម៉ែត រួចរាល់ហើយ។ ក្រៅតែពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតហើយនោះ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត ក៏បានចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកាផងដែរ។

វ៉ាក់សាំង AstraZeneca/SII ដែលសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងមន្ត្រីជាន់ខ្ពស់កម្ពុជា ចាក់នៅថ្ងៃនេះ គឺជាវ៉ាក់សាំងជំនួយរបស់អង្គការសុខភាពពិភពលោក តាមរយៈយន្តការរបស់កូវ៉ាក់ (COVAX)។ វ៉ាក់សាំងនេះ ត្រូវបានដឹកមកដល់កម្ពុជា ក្នុងដំណាក់កាលដំបូងចំនួន ៣២៤,០០០ដូស កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។

វ៉ាក់សាំងប្រភេទស៉ីណូហ្វាម ដែលជាអំណោយរបស់មិត្តចិន ក៏បានផ្តល់ដល់កម្ពុជាចំនួន ១លានដូសផងដែរ។ ដំណាក់កាលដំបូងនេះ ចិនបានដឹកវ៉ាក់សាំង ៦០ម៉ឺនដូស ដែលបានមកដល់កម្ពុជា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈ៤០ម៉ឺនទៀតនឹងមកដល់មុនបុណ្យចូលឆ្នាំខ្មែរ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *