ព័ត៌មានជាតិ

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ខកចិត្តចំពោះចំណាត់ការគ្មានគុណធម៌លើស្ត្រីប៉ូលីសដែលបំបៅដោះកូន នៅស្រុកសៀមប៉ាង

(ភ្នំពេញ)៖ មហាជនភាគច្រើនប្រាកដជាបានជ្រាបអំពីករណីស្រ្តីម្នាក់ជាមន្ត្រីនគរបាលចរាចរណ៍មួយរូប ដែលគាត់ជា អនុសេនីយ៍ទោ ស៊ីថុង សុខា អធិការរងទទួលផែនសណ្ដាប់ធ្នាប់នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលបានបំបៅដោះកូនក្នុងពេលបំពេញការងារ និងនៅទីសាធារណៈ។ បន្ទាប់មកត្រូវបានលោកអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង មានចំណាត់ការ និងកោះហៅស្ត្រីជានគរបាលខាងលើមកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពទាំងនោះ។

ពេលនេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ខកចិត្តចំពោះចំណាត់ការគ្មានគុណធម៌លើស្ត្រីប៉ូលីស ដែលបានបំបៅដោះកូន ។ បើយោងតាមការសារលិខិតរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សបានឲ្យដឹងថា លោកជំទាវ ជូ ប៊ុនអេងមានការសោកស្ដាយជាខ្លំាង ដែលលោកអធិការបានប្រើឥរិយាបទបែបនេះ និងមិនបានវែកញែកឲ្យច្បាស់ពីកំហុស និងគុណសម្បត្តិ។

លោកជំទាវ សូមជម្រាបជូនឯកឧត្តមអភិបាលខេត្តមេត្តាជ្រាបថា ក្នុងស្ថានភាពជាស្ត្រី ដែលមានភារកិច្ចទទួលខុសត្រូវទ្វេដងលើសពីបុរស គឺបំពេញការងារក្នុងស្នូលស្ថាប័នផង និងត្រូវចិញ្ចឹមថែទាំកូនតាំងពីនៅក្នុងផ្ទៃរហូតកើតមក និងបន្តដល់ពេញវ័យ បើទោះបីជាបុរស ជាស្វាមី ឬអ្នកដែលជាថ្នាក់ដឹកនាំមិនបានយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលក៏នាងមិនបានបោះបង់កូន និងការងារស្នូលរបស់នាងដែរ។

នេះជាទង្វើដែលលោកជំទាវជាស្ត្រីម្នាក់ សូមគោរពកោតសរសើរនូវ ឆន្ទះដ៏មុះមុត ក្នុងការបំពេញភារកិច្ចរបស់មន្ត្រីជាស្ត្រី។ លោកអធិការ គួរតែសម្ដែងការកោតសរសើរលើកទឹកចិត្ត និងរិះរកមធ្យោបាយឲ្យមន្ត្រីស្ត្រីបែបនេះទទួលបានការយកចិត្តទុកដាក់ និងឲ្យគាត់មានឱកាសគ្រប់គ្រាន់ថែទាំកូន ដូចម្ដាយលោកថែទាំលោកកាលពីនៅទារក និងភរិយាលោកថែទាំកូនលោកដូចគ្នាដែរ។

គាត់មិនបានសម្ដែងការបញ្ចេញភាពស៊ិចស៊ី ដើម្បថតបង្ហាញសាធារណជនទាក់ទាញអ្នករកស៊ីលក់ភាពស៊ិចស៊ី ដែលលោកត្រូវមានចំណាត់ការនោះទេ តែដោយសារតែមានការចាប់អារម្មណ៍ និងកោតសរសើរគាត់ និងថតដើម្បីជាភស្តុតាងបង្ហាញថា នេះហើយជាស្ត្រីជាតិ ជាមាតា និងជាអ្នកដែលមានតួនាទីបម្រើជាតិជាប់ខ្លួន៕

Leave a Reply

Your email address will not be published. Required fields are marked *