ព័ត៌មានជាតិ

«កូនឈើប្រណីត» ដែលសម្តេចតេជោ ហ៊ុន សែន ដាំជាង៥ម៉ឺនដើម នៅឧទ្យានជាតិតេជោសែនប្ញស្សីត្រឹប ត្រូវគេដុតបំផ្លាញ

ករណីជនមិនស្គាល់អត្តសញ្ញាណលួចដុតដើមឈើដាំ ក្នុងឧទ្យានជាតិតេជោសែនប្ញស្សីត្រឹប គឺជាលើកទី១ ប៉ុន្តែនៅមានបទល្មើសលួចកាប់ដើមឈើធំៗជាច្រើនបន្តកើតមាននៅក្នុងឧទ្យានជាតិ តេជោសែន ឫស្សីត្រឹប ដែលត្រូវបានប្រជនរស់នៅក្បែរនោះ បាននាំគ្នាលួចចូលកាប់បំផ្លាញ់ដើមឈើធំៗប្រមាណ ៣០០ដើម នៅតែបន្តរងការកាប់បំផ្លាញ ហើយដើមឈើប្រភេទខុសគ្នាៗរាប់រយដើមដែលបានកាប់បំផ្លាញនោះ គឺត្រូវបានរកឃើញក្នុងផ្ទះប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យាន។

ជុំវិញការករណីលួចដុតកូនឈើប្រណិតនេះដែរ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បាននិយាយនៅក្នុងវីដេអូឡាយ តាមប្រព័ន្ធហ្វេសប៊ុកថា «កូនឈើប្រណីតៗទាំងអស់នោះ ជាការខិតខំប្រឹងប្រែងដាំឡើងវិញក្រោមអធិបតីភាពរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញមកដាំ ដើម្បីផ្ដល់ជាធនធានធម្មជាតិទុកដល់ក្មេងជំនាន់ក្រោយ អាចថែរក្សាបន្តទៀតទៅថ្ងៃខាងមុខ ត្រូវបានជនអគតិ ធ្វើការដុតបំផ្លាញ ដែលកូនឈើទាំង៥ម៉ឺននោះ ភាគច្រើនជាប្រភេទឈើបេង ឈើធ្នង់ មានចំនួនជាង៥ម៉ឺនដើម»

បើតាមលោកបណ្ឌិត សុខ ទូច ការដុតបំផ្លាញនេះមិនមែនជាការដុត ដើម្បីដេញសត្វព្រៃនោះទេ គឺមានបំណងតែម្ដងដែលបានដុត០៣កន្លែងនៃផ្ទៃដី១០០ហិកតា ហើយចាប់ផ្ដើមឆេះពីម៉ោង ១១ព្រឹករហូតដល់ម៉ោង៤រសៀលថ្ងៃទី១៤ មីនា។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ រៀបរាប់ពីអារម្មណ៍សោកស្ដាយខ្លាំងជាពន់ពេក បន្ទាប់ពីបានឃើញសភាពកូនឈើប្រណីតឈើដែលខំដាំទាំងនោះ ត្រូវបានឆេះអស់ស្ទើរទាំងស្រុងក្នុងរយៈមួយពព្រិចភ្នែក ដោយសារជនអគតិ ភាពឈ្លានីស និងដោយសារកម្លាំងជំនួយក្នុងការពន្លត់មានចំនួនតិចពេក មិនអាចជួយពន្លត់ទាន់បានទាន់ពេលវេលា។

ដើម្បីរក្សាព្រៃឈើ សត្វព្រៃឱ្យនៅគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ រាជបណ្ឌិត្យសភា បានអប់រំឱ្យគាត់ស្រឡាញ់ព្រៃឈើអស់រយៈពេល ២ឆ្នាំហេីយ និងសុំឱ្យកុំកាប់ព្រៃឈើ កាប់ឈើរៀនយកដី ប៉ុន្តែគាត់អាចអាស្រ័យអនុផលព្រៃឈើ មានដូចជា ផ្សិត វល្លិ៍ ទំពាំង។ល។

បន្ថែមពីនេះ រាជបណ្ឌិត្យសភា ក៏បានបង្កើតការងារឱ្យគាត់មកចិញ្ចឹមមគោទឹកដោះ ចៀម ពពែ ដើម្បីឱ្យគាត់អាចរក្សាបាននូវវប្បធម៌របស់ខ្លួន ដូចជាការរៀបចំយកជ័រពីដើមច្បោះ (ជ័រត្រាចជាដើម) និងទីតាំងឡស្លដែកបុរាណ ដែលសុទ្ធសឹងតែជាវប្បធម៌របស់ជនជាតិគួយ ដែលជាជនដើមភាគតិច។

សូមបញ្ជាក់ថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ មានផ្ទៃដីសរុបចំនួន ១១៤.៣៥គីឡូម៉ែតការ៉េ មានទីតាំងស្ថិតក្នុង ឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។ ឧទ្យាននេះមានតំបន់ជីវចម្រុះ និងមានសក្តានុពលជាច្រើន រួមមាន៖ ធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្រ្ត បុរាណវត្ថុ (ឡស្លដែកបុរាណ) និងជាតិពិន្ធុ ដែលអាចបម្រើឱ្យមុខងារក្នុងវិស័យបិស្ថាន ព្រៃឈើ វប្បធម៌ប្រវត្តិសាស្ត្រ និងទេសចរណ៍ច្រើនយ៉ាង៕

 

Leave a Reply

Your email address will not be published. Required fields are marked *