ព័ត៌មានជាតិ

សម្ដេច​តេ​ជោ ហ៊ុន សែន : “​ហេតុ​អី ឌួង ឆាយ ឃោរឃៅ​ដល់​កម្រិត​នេះ​”

ភ្នំពេញ​: សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ប្រតិកម្ម​ទៅនឹង​សកម្មភាព​អំពើហិង្សា​របស់​ឧកញ៉ា ឌួង ឆាយ ទៅលើ​អតីត​ភរិយា​របស់ខ្លួន​។

​ការ​ប្រតិកម្ម​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើឡើង​បន្ទាប់ពី​អតីត​ភរិយា​របស់​ឧកញ៉ា ឌួង ឆាយ​បាន​បង្ហោះ​ថ្លែង​សារ​អំពី​ការធ្វើ​ទុក​បុក​ម្នេញ​របស់​ឧកញ៉ា ឌួង ឆាយ ទៅលើ​រូប​ខ្លួន​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១​។​

​ក្រៅពី​ប្រតិកម្ម​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏មាន​ប្រតិកម្ម​ផ្សេងៗ​ជាច្រើន​ទៀត នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​បញ្ចេញ​រិះគន់​យ៉ាងខ្លាំង ទៅលើ​សកម្មភាព​នៃ​ការប្រើ​អំពើហិង្សា​របស់​ឧកញ៉ា ឌួង ឆាយ ទៅលើ​អតីត​ភរិយា​របស់ខ្លួន ។

​សម្តេច​តេ​ជោ ហ៊ុន សែន ខម​មិន​នៅក្នុង​ហ្វេ​ស​ប៊ុ​ក របស់​អ្នកស្រី ដេ​ត មាលី​ណា យ៉ាង​ដូច្នេះ​ថា “​ហេតុ​អី ឌួង ឆាយ ឃោរឃៅ​ដល់​កម្រិត​នេះ​”​។​

​អ្នកស្រី ដេ​ត មាលី​ណា បាន​សរសេរ​រៀបរាប់​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា “​ជាដំបូង​នាង​ខ្ញុំ​ដេ​ត ម៉ាលី​ណា សូម​ខន្តី​អភ័យទោស​ដល់​ពុក ម៉ែ បងប្អូន ពូ​មីង​ទាំងអស់ ជាមុន​ដែល​នាង​ខ្ញុំ សម្រេចចិត្ត​មក​បកស្រាយ រក​យុត្តិធម៌​នៅក្នុង​កា​លះ​ទេ​សះ ដែល​មិន​សមស្រប​នៅពេលនេះ ដែល​យើងទាំងអស់គ្នា កំពុងតែ​ចូលរួម​ប្រយុទ្ធប្រឆាំង ការពារ ការ​រាតត្បាត​ជំងឺ
COVID-19 ប៉ុន្តែ​នាង​ខ្ញុំ​ពិតជា​គ្មាន​ផ្លូវ​ជ្រើសរើស​ឡើយ ហើយក៏​ពិតជា​មិនអាច​ស៊ូទ្រាំ​តទៅទៀត​បានដែរ !
​រយះពេល​13 ឆ្នាំកន្លងមក នេះ គឺ​វា​ឆ្អែត​គ្រប់គ្រាន់​សំរាប់​រូបនាង​ខ្ញុំ​ណាស់​ពេក​ទៅហើយ ទាំង​ការប្រមាថ មាក់ងាយ ជេ​ស្តី​រួមទាំង​អំពើ​ហឹ​ង្សា​រ​នៅក្នុង​គ្រួសារ រហូត​មាន​ដល់​យក​កាំភ្លើង​មក​គំរាម​សំលាប់​ទៀតផង ……​។​ល​។ ការឈឺចាប់​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត ខ្ញុំ​បានទទួល​រួច​អស់ហើយ នៅឡើយ​តែ​ភាពយុត្តិធម៌​តែប៉ុណ្ណោះ នាង​ខ្ញុំ​ពិតជា​មិនតូច​ចិត្ត​នោះទេ ដែលមាន​មតិ តិះ​ទៀន រិះគន់ ស្តីបន្ទោស មើលស្រាល​ដល់​រូបនាង​ខ្ញុំ​កន្លងមក ក៏​ព្រោះតែ​ដោយសារ​តាមរយះ​ការ​លាប​ពណ៌ បំភ្លៃ ការពិត​ប្រឌិត​ទាំង​គ្មាន​ការ​ខ្មាស់អៀន បំពាន​យ៉ាង​អយុត្តិធម៌​របស់​អតីត​ស្វាមី​របស់​នាង​ខ្ញុំ​មកលើ​រូបខ្ញុំ ទោះជា​យើង​ទាំងពីរ​បាន​ព្រមព្រៀង ធ្វើការ​លែងលះ សមស្រប​ទៅតាម​ផ្លូវច្បាប់​រួចរាល់​អស់ហើយ​ក៌​ដោយ តែ​គ្រប់យ៉ាង​អ្វីៗ ដែលជា​ការពិត​វា​ត្រូវតែ​បាន​លាតត្រដាង ព្រោះ​ការអត់ធ្មត់ គឺ​វា​មាន​ដែន​កំណត់​។ ការដែល​នាង​ខ្ញុំ​សម្រេចចិត្ត ទំលាយ​ការពិត​មក​ក្នុង​ពេលនេះ ក៏​ព្រោះតែ​រូបគាត់​មិនបាន​គោរព​តាម ការព្រមព្រៀង​តាមច្បាប់​នៃ​ល​ក្ខ័​ណ​ក្នុងការ​លែងលះ​របស់​យើង​ទាំងពីរ ហើយ​ថែមទាំង​ព្យាយាម​បំបែក​ម្តាយកូន​នាង​ខ្ញុំ​ទៀត មិនមែនជា​លើកទីមួយ​ទេ ដែល​អតីត​ស្វាមី​របស់ខ្ញុំ​គាត់​ព្យាយាម​យក​កូន​ចេញពី​ខ្ញុំ បន្ទាប់ពី​យើង​លែងលះ ប៉ុន្តែ​ដោយសារ​ការយល់​ពី​មនោ​ស​ញ្ជេ​ត​នា របស់គាត់​ដែលជា​ឪពុក​របស់​កូនៗ ដែរនោះ​ទើប​នាង​ខ្ញុំ​មិនដែល​ហាមឃាត់ ឫ តប​តទៅ​គាត់​ឡើយ​ទើប​​បណ្តាល​អាចអោយ​មានរឿង​រហូតមក​ដូច​ថ្ងៃនេះ​បាន ហើយ​នេះ​វា​ក៏​គឺជា​កំហុស​របស់ខ្ញុំ​មួយចំនែក​ដែរ ដែល​តែងតែ​ទុក​ឱកាស​អោយ​គាត់ កែប្រែ​ខ្លួន​បំពេញ​តួនាទី​ជា​ឪពុក ដើម្បី​បានផ្តល់​ភាពកក់ក្តៅ​ដល់​កូនៗ ទោះជា​យើង​លែងលះ​រួចរាល់​ហើយក៏​ដោយ ប៉ុន្តែ​អ្នក​នៅតែ​ជា​អ្នក អ្នក​ពិតជា​មិនអាច​កែ​បានឡើយ ខ្ញុំ​សុំ​ចុះចាញ់​អ្នក​ហើយ តែ​ខ្ញុំ​ក៏​មិន​អាចអោយ​ស្រមោល​របស់​អ្នក​មក​តាម​លងបន្លាច បំបែក​ជីវិត​ម្តាយកូន​របស់ខ្ញុំ​តទៅទៀត​បានដែរ នាង​ខ្ញុំ និង​ស៊ូ​ដល់ទី​បំផុត​ដើម្បី​កូនៗ​របស់​នាង​ខ្ញុំ ។

​កូនៗ​គឺជា​កម្លាំងចិត្ត កូនៗ​គឺជា​ជីវិត កូនៗ​គឺជា​ការទទួលខុសត្រូវ​របស់​ឪពុកម្តាយ​គ្រប់ៗ​រូប ដូច្នេះហើយ​ខ្ញុំ​សូម​អង្វរ​ចិត្ត​អ្នក​កុំ​ផ្តល់​សំពាធ​ផ្លូវចិត្ត ផ្លូវ​អារ​ម្ម​ណ៏​ដល់​កូនៗ របស់​យើង​ទាំងអស់​អី ពួកគាត់​នៅ​តូចៗ​ខ្លាំងណាស់ ហើយ​វា​ក៏​មិនមែនជា​ជម្រើស​ល្អ​នោះឡើយ សូមអ្នក​រំងាប់​អារ​ម្ម​ណ៏​ឆេវឆាវ​របស់​អ្នក​មួយពេល គ្រប់គ្រង​អារ​ម្ម​ណ៏​ឆេវ​ឆៅ​របស់​អ្នក​អោយបាន​ល្អ ហើយ​មក​គោរព​តាម ការព្រមព្រៀង​លែងលះ​តាមផ្លូវ​ច្បាប់​ដោយ​សន្តិវិធី នោះ​ហើយ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​របស់​ឪពុកម្តាយ​ដែល​ត្រូវ​ផ្តល់អោយ​កូនៗ !

​ខ្ញុំ​ដឹងថា​អ្នកធ្វើ​នេះ​ក៏​ព្រោះតែ​អ្នក​ចង់យក​ឈ្នះ​ខ្ញុំ អ្នក​ដឹងថា​ខ្ញុំ​រស់​អត់​កូនៗ​មិនបាន អ្នក​ដឹងថា​ខ្ញុំ​ស្រលាញ់​កូនៗ​ខ្លាំងណាស់ សូមអ្នក​កុំអោយ​អារ​ម្ម​ណ៏​ឆេវឆាវ​របស់​អ្នកមួយ​គ្រា​មក​គ្រប់គ្រង​លើ​រូបអ្នក​បាន ហើយក៏​មិនចាំបាច់​ចង់​ឈ្នះ​រូបខ្ញុំ​នោះដែរ ព្រោះ​អ្នក​បានឈ្នះ​ខ្ញុំ​រួចស្រេច​បាត់ទៅហើយ​តាំងពី 13​ឆ្នាំមុន​ម្លេះ ! សូម​ល្មម​ដោះលែង​ជីវិត​របស់ខ្ញុំ​អោយមាន​ជីវិត​រស់នៅ​ដែលជា​ខ្ញុំ​ផង​ចុះ ព្រោះ​ខ្ញុំ​ត្រូវ​ប្រកបមុខរបរ​រក​ស៊ី​ចិញ្ចឹមជីវិត ទទួលខុសត្រូវ​លើ​កូនៗ ព្រមទាំង​គ្រួសារ​របស់ខ្ញុំ​ទៀត ។ សូមកុំ​ព្យាយាម​យក​កូនៗ មក​ធ្វើជា​គំនាប​ដល់​រូបនាង​ខ្ញុំ​អី អ្វីដែល​អ្នក​គួរតែ​ធ្វើ​នៅ​ពេក​នេះនោះ​គឺ អ្នក​សួរ​ខ្លួនឯង​ថា :
-​តើ​អ្នក​បាន​បំពេញ​តួនាទី​ជា​ឪពុក​អោយដល់​ពួកគាត់​គ្រប់គ្រាន់​ហើយ​ឫ​នៅ ?
-​តើ​ត្រូវធ្វើ និង បំពេញ​តួនាទី​ជា​ឪពុក​ល្អ​បែបណា​ដល់​ពួកគាត់ ?

​អ្វីដែល​អ្នក​មិន​ធ្លាប់ធ្វើ​ដាក់​ខ្ញុំ​នោះ ? ដែល​ទោះជា​ខ្ញុំ​កំពង់តែ​ពរ​ពោះ​កូនៗ​ទាំង​៣​នោះ​ក៏ដោយ មានតែ​អ្នក​ម្នាក់​ទេ ដែល​ដឹង អ្នក​អាច​កុហក​បោកប្រាស់ បំភ្លៃ​ការពិត​ដល់​មនុស្ស​ជុំវិញខ្លួន​អ្នក​បាន អ្នក​អាច​ធ្វើបាន ហើយ​អ្នក​ក៏បាន​ធ្វើ​រួចហើយ​ដែរ ហើយ​អ្នក​នៅតែ​បន្តធ្វើ​ទៀត ក៏ប៉ុន្តែ​អ្នក​មិនអាច​កុហក​ខ្លួនឯង រឺ ខ្ញុំ​បានឡើយ ការពិត​នៅតែ​ជាការ​ពិត មានតែ​ពេលវេលា​ទេ ដែល​អាច​បញ្ជាក់​រាល់​អ្វីៗ គ្រប់យ៉ាង​បាន​ទាំងអស់ ។​​ពេលវេលា​ខ្លះ​យើង​មិនចាំបាច់​ទាមទារ រឺ បកស្រាយ​ច្រើន​នោះទេ​ថា​រូបយើង​ល្អ អាក្រក់ ខុស រឺ ត្រូវ ព្រោះ​ទង្វើ​អាច​បញ្ជាក់​ពី​បុគ្គលិកលក្ខណៈ​របស់​យើង​គ្រប់ៗ​រូប​បាន​យ៉ាងច្បាស់​លាស់​ហើយ​គ្រប់គ្រាន់​ទៀតផង !

​ដូច្នេះហើយ​នាង​ខ្ញុំ​សុំ​ពេលវេលា​បកស្រាយ​តាមរយៈ​កាមេរ៉ា​វីដេអូ​សុ​វត្តិភាព​មួយ​នេះ ហើយ​សង្ឃឹមថា​ពុក​ម៉ែ បង ប្អូន ពូ​មីង​ទាំងអស់​នឹង​យល់​ពី​ទឹកចិត្ត​ស្ត្រី ដែលជា​ម្តាយ​ដូចជា​រូបនាង​ខ្ញុំ​ម្នាក់នេះ ដោយ​អនុគ្រោះ​និង យុត្តិធម៌ ហើយ​បន្ទាប់ពី​ការចេញ​បង្ហាញ​ភស្តុតាង​តាមរយៈ​កាមេរ៉ា​វីដេអូ​១​នេះ ហើយ​នាង​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ទៅលើ​ប្រព័ន្ធ​ច្បាប់​តុលាកា​នៅក្នុង​ប្រទេស​កម្ពុជា​រប​ស់​ខ្ញុំ និង​ផ្តល់​ភាពយុត្តិធម៌​ដល់​ម្តាយកូន​របស់​នាង​ខ្ញុំ​អោយបាន​ឆាប់​ជួបជុំ​កូនៗ​មក​រួមរស់​ជាមួយគ្នា​តាម​កិច្ចសន្យា​ព្រមព្រៀង​លែងលះ​តាម​ប្រព័ន្ធ​ផ្លូវច្បាប់ ដែល​នាង​ខ្ញុំ​មាន​សិទ្ធ​អំណាច​ជា​មេបា​បីបាច់​ថែរក្សារ​កូនៗ​ទាំង​៣​ប្រកបដោយ​សុវត្ថិភាព ព្រោះ​អ្នក​បាន​បំបែក​ខ្ញុំ​ជាមួយនឹង​កូនៗ​តាំងពី​ថ្ងៃ​ច័ន្ទ ទី​៨ ខែមីនា មកម្ល៉េះ គឺជា​ថ្ងៃ​សិទ្ធិនារី​តែម្តង រហូតដល់​ពេលនេះ នាង​ខ្ញុំ​មិនដឹង​ពេលណា​បាន​ជួប​មុខ​កូន​ទេ​។​

​ជា​ចុងបញ្ចប់​នាង​ខ្ញុំ ដេ​ត ម៉ាលី​ណា សូម​គោរព​ជូនពរ​ដល់​ពុក​ម៉ែ ពូ​មីង បងប្អូន​ទាំងអស់​អោយមាន​សុខភាព​ល្អ មាន​ស្នាមញញឹម នឹង​ក្តីសង្ឃឹម​គ្រប់ៗ​ក្រុមគ្រួសារ នឹង​សូម​ចូលរួម ចំណែក​ការពារ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ COVID-19 ទាំងអស់គ្នា ជាពិសេស​សូម​ជូនពរ​អោយដល់​ស្ត្រី​ទូទាំង​សកលលោក​ទទួលបាន សេរីភាព​ទាំង​ផ្លូវកាយ​នឹង​ផ្លូវចិត្ត​។​
​ដោយ​ក្តី​គោរព ស្រលាញ់​ពី​រូបនាង​ខ្ញុំ​
​ដេ​ត ម៉ាលី​ណា​
​ភ្នំពេញ ថ្ងៃទី ១៥ ខែ​មិនា ឆ្នាំ ២០២១”​។​

​ចំណែក​ឧកញ៉ា ដួង ឆាយ នៅ​មិនទាន់មាន​ការឆ្លើយតប​នៅឡើយ​ទេ​៕​

Leave a Reply

Your email address will not be published. Required fields are marked *