ព័ត៌មានជាតិ

បញ្ជូនជនសង្ស័យមេឆ្នោត និងអ្នកប្រព្រឹត្តល្បែងស៊ីសងល្មើសច្បាប់ ៥នាក់ ទៅតុលាការខេត្តព្រះវិហារ !

ខេត្តព្រះវិហារ៖ ជនសង្ស័យមេឆ្នោត អ្នកកត់កន្ទុយលេខ អ្នកក្រឡុកខ្លាឃ្លោក និងអ្នកប្រព្រឹត្តល្បែង ៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារ នោះហើយ នៅព្រឹកថ្ងៃទី២៣មីនា នេះ ក្រោយការចុះបង្ក្រាប និងឃាត់ខ្លួន ពីកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ និងនគរបាលនៅក្នុងមូលដ្ឋាន ដែលដឹកនាំបញ្ជាការបង្ក្រាបដោយ លោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ នាវេលាម៉ោង ៤ និង២៨នាទីរសៀល ថ្ងៃទី២២មីនាឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ។
សេចក្តីរាយការណ៍បានឲ្យដឹងថា នៅក្នុងកិច្ចសហការរួមគ្នា រវាងកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកជ័យសែន កាលពីរសៀលថ្ងៃ២៣មីនា ម្សិលមិញនោះ ព្រះរាជអាជ្ញារងខេត្តព្រះវិហារ លោក វុធ សាវី បានបញ្ជាឲ្យមន្ត្រីនគរបាលយុត្តិធម៌ ធ្វើការឃាត់ខ្លួនជនសង្ស័យប្រុស និងស្រី ៥នាក់ បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចងក្រងឯកសារ ចាត់ការបន្តតាមច្បាប់។ ជនសង្ស័យទាំង ៥នាក់ ដែលជាអ្នកលក់ឆ្នោតវៀតណាម អ្នកប្រព្រឹត្ត និងអ្នកក្រឡុកខ្លាឃ្លោកខុសច្បាប់ ដែលត្រូវបញ្ជូនទៅតុលាការខេត្ត នាព្រឹកថ្ងៃ២៣មីនា នេះ ត្រូវគេស្គាល់ ១.ឈ្មោះ សួន ស៊ីណាត ភេទ ប្រុស អាយុ៤០ ឆ្នាំ មុខរបរលក់ឆ្នោត ,២. កាន ឡៃស៊ូ ភេទស្រី អាយុ៣៣ ឆ្នាំ ជាអ្នកប្រព្រឹត្តល្បែងឆ្នោត ,៣. វ៉ាន់ ធារី ភេទប្រុស អាយុ ៣៥ឆ្នាំ ,៤. ឡាយ ឌិប ភេទស្រី អាយុ ២៨ឆ្នាំ និង ៥. ម៉ម ឡៃហ័ង ភេទស្រី អាយុ ៣០ឆ្នាំ ជាអ្នកប្រព្រឹត្តល្បែងខ្លាឃ្លោក ជនសង្ស័យទាំង ៥នាក់ រស់នៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ។
ដោយឡែក វុត្ថុតាងដែលសមត្ថកិច្ចដកហូតបាន នៅក្នុងពេលចុះបង្ក្រាបនោះ រួមមាន៖ ម៉ូតូ ១គ្រឿង ម៉ាកគុប ស្លាកលេខ ភ្នំពេញ1AM-2925 ,ទូរស័ព្ទ ៣គ្រឿង ,លុយខ្មែរ ៣លាន ៣សែន ៦ម៉ឺនរៀល ,ចិញ្ជៀន ២វង់ (លោហៈធាតុ) ,ម៉ាស៊ីនគិតលេខ ២ គ្រឿង ,ក្រដាស់កត់លេខឆ្នោតជាច្រើនសន្លឹក ,ប៊ិច ២ ដើម និងសៀវភៅកត់ឆ្នោត ២ក្បាល ផងដែរ។
ព្រះរាជអាជ្ញារងខេត្តព្រះវិហារ លោក វុធ សាវី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការអនុវត្តវិធានការច្បាប់ ចំពោះអ្នកបើកល្បែង អ្នកប្រព្រឹត្ត និងអ្នកញៀនល្បែងស៊ីសងនៅពេលនេះ គឺដើម្បីគោរព និងអនុវត្តទៅតាមគោលការរបស់ រាជរដ្ឋាភិបាល ក៏ដូចក្រសួងមហាផ្ទៃ ដែលបានដាក់ចេញសម្រាប់ការអនុវត្តឲ្យមានប្រសិទ្ធភាព នូវគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពទាំង ៧ចំណុច និងក៏ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ពិសេស រក្សាការពារ សន្តិសុខ ឲ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះវិហារ។ នៅក្នុងពេលនេះ ជនសង្ស័យទាំង ៥នាក់ កំពុងស្ថិតក្រោមនីតិវិធីរបស់ អយ្យការ និងសាលាដំបូងខេត្តព្រះវិហារ នៅឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *