ព័ត៌មានជាតិ

ឃាត់ខ្លួនសមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត និងបក្ខពួក ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

(បន្ទាយមានជ័យ)៖ សមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យម្នាក់ និងបក្ខពួកពីរនាក់ផ្សេងទៀត ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ នៅចំណុចស្ដារហ្គោល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពាក់ព័ន្ធការដឹកមនុស្សឆ្លងដែនខុសច្បាប់។

សមត្ថកិច្ចបានបញ្ជាក់ថា មនុស្សទាំង៣នាក់ដែលបានឃាត់ខ្លួននេះ ទី១៖ឈ្មោះ យឹម នៅ អាយុ៤៧ឆ្នាំ (សមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត) រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ជាអ្នកដឹកមនុស្ស), ទី២៖ឈ្មោះ ចាន់ ណារ៉ុង អាយុ៤០ឆ្នាំ បុគ្គលិកកាស៊ីណូ (ម្ចាស់ផ្ទះលាក់ខ្លួន) និងទី៣៖ឈ្មោះ ដែង ជុំ អាយុ៤៦ឆ្នាំ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលឃាត់ខ្លួនឈ្មោះ យឹម នៅ បានធ្វើសកម្មភាពបើកបររថយន្តម៉ាក Camry ពណ៌ស ស្លាកលេខ ព្រះសីហនុ2A-1354 ដឹកមនុស្សចំនួន០៥នាក់ សង្ស័យជនជាតិថៃ លួចឆ្លងដែនទៅប្រទេសថៃ ហើយអ្នកទាំង០៥នាក់ បានរត់ចូលទឹកដីថៃបាត់ បន្សល់ទុកវាលីដាក់ខោអាវ។

លោក នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា កម្លាំងរបស់លោកពិតជាបានសហការគ្នា ជាមួយអង្គភាពផ្សេងទៀត ធ្វើការឃាត់ខ្លួនជនសង្ស័យ០៣នាក់ នាំមនុស្សឆ្លងដែនខុសច្បាប់ពិតប្រាកដមែន។ ដោយឡែកមនុស្សទាំងនោះ (សង្ស័យជាជនជាតិថៃ) ឃាត់ខ្លួនមិនបាននោះទេ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅសួរនាំ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

 

Leave a Reply

Your email address will not be published. Required fields are marked *