ព័ត៌មានជាតិ

បែកធ្លាយ​ថា លោក តែ គឹម​ឡុង និង​បក្ខពួក ជា​ឈ្មួញ​រកស៊ី​នាំ​ជ្រូក ចូល​ពី​ប្រទេស​ថៃ ខុសច្បាប់ គ្មាន​ការត្រួតពិនិត្យ និង​បង់ពន្ធ​ត្រឹមត្រូវ​

បន្ទាយ​មាន​ជ័​យៈ មានការ​បែកធ្លាយ ព័ត៌មាន​ថា លោក តែ គឹម​ឡុង ដែល​គេ​ស្គាល់​ថា ជា​ឈ្មួញ​នាំ​ជ្រូក​ខុសច្បាប់ ពី​ប្រទេស​ថៃ ជា​រៀងរាល់ថ្ងៃ តាម​ច្រក​អូរ​បី​ជាន់ និង​ច្រករបៀង​ផ្សេងៗ ក្នុងភូមិ​សាស្ត្រ​នៃ​ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅតែ​បន្ត សកម្មភាព យ៉ាង​គឃ្លើន នាំ​ជ្រូក​ចូល​ដោយ​ខុសច្បាប់ ដោយ​ពុំមាន​លិខិតអនុញ្ញាត គ្មាន​ការត្រួតពិនិត្យ និង​ពុំមាន​លិខិតបញ្ជាក់​សុខភាព​សត្វ ដែល​អាចជា​ការនាំមក​នូវ សត្វ​ជ្រូក​ផ្ទុក​ជំងឺ បង្ក​ហានិភ័យ ដល់​ការចិញ្ចឹម​ជ្រូក ក្នុងស្រុក​ទាំងមូល និង​ប៉ះពាល់​ដល់ សុខភាព ប្រជាពលរដ្ឋ ទទួលទាន​សាច់ជ្រូក​។​

​តាម​ប្រភពព័ត៌មាន​ច្បាស់​ការណ៍ ដែល​ទើប​ទទួលបាន នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២១ បានអោយដឹងថាៈ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក តែ គឹម​ឡុង និង​បក្ខពួក បាន​កៀរគរ​ប្រជា ពលរដ្ឋ ដែលជា​អ្នកទិញ​ជ្រូក ពី​ក្រុម​ខ្លួន និង អ្នកភូមិ​ផ្សេងៗ​ទៀត ឱ្យ​នាំគ្នា​មក​តវ៉ា នៅ​សាលាឃុំ​អូរ​បី​ជាន់ ដើម្បី​តវ៉ា​ចំពោះ​ចំណាត់ការ របស់​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ដែល​តែងតែ​ធ្វើ​សកម្មភាព ទប់ស្កាត់ និង ឃាត់​ការនាំ​ជ្រូក​ចូល ដោយ​ខុសច្បាប់ ទាំងនោះ ។​

​យោងតាម​លិខិត​សុំ​អន្តរាគមន៍ របស់លោក តែ គឹម​ឡុង និង​បក្ខពួក ទៅកាន់​រដ្ឋបាល ឃុំ​អូរ​បី​ជាន់ កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២១ បង្ហាញថាៈ បាន​ទទួលស្គាល់ថា ពួកខ្លួន បានធ្វើការ​នាំចូល​ជ្រូក ខុសច្បាប់​ទាំងនោះ ហើយ​សុំឱ្យ​អាជ្ញាធរ​ឃុំ ជួយ​ដោះស្រាយ បញ្ហា​ខុសច្បាប់​របស់ខ្លួន និង​បក្ខពួក ឱ្យបាន​ធ្វើការ​នាំចូល ដោយ​គ្មាន​ច្បាប់​អនុញ្ញាត បន្តទៀត​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ លោក ហ៊ុយ ទូច ប្រធានការិយាល័យ បសុពេទ្យ​ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថាៈ រឿង​អាជីវករ តវ៉ា​ជា​សិទ្ធិ​របស់គាត់ តែ​ខាង​ជំនាញ ទាំង​ថ្នាក់ជាតិ និង ថ្នាក់ក្រោម​ជាតិ នៅតែ​បន្ត​អនុវត្ត​នីតិវិធី​ច្បាប់ និង​បច្ចេកទេស ទប់ស្កាត់​ការឆ្លង​ជំងឺប៉េស្ត ជ្រូក​អាហ្វ្រិក ព្រោះថា បើ​មានការ​ផ្ទុះ​នូវ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក កើតឡើង នឹង​ធ្វើឱ្យប៉ះពាល់ ដល់​សេដ្ឋកិច្ច ។ ដូចនេះ មិន​ថា ការ​នាំចូល​លក្ខណៈ​គ្រួសារ ឬ ពាណិជ្ជកម្ម​ទេ​ត្រូវតែ​ត្រួត ពិនិត្យ​យក​សំណាក ទៅពិនិត្យ​ឱ្យ​ត្រឹមត្រូវ ដើម្បី​សុខុមាលភាព អ្នក​ទទួលទាន ។​

​លោក​បាន​បន្តថាៈ កន្លងមក សមត្ថកិច្ច បាន​អនុវត្ត​ច្បាប់ ដោយ​ចាប់យក​ជ្រូក​ដែល​លួច​នាំ ចូលមក ពិនិត្យឃើញថា មាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ផងដែរ ដោយ​លោក​ប្រតិភូ​រាជ រដ្ឋាភិបាល ទទួល​ការងារ​ជំនាញ បាន​ចុះមក​ដុត​កម្ទេចចោល នៅនឹងកន្លែង​ផងដែរ ។​

​យោងតាម​ច្បាប់ ស្តីពី​សុខភាព​សត្វ និង សុខភាព​សត្វ បានកំណត់​ត្រូវ​ផ្តន្ទាទោស ដាក់ពន្ធនាគារ​ពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់ ចំនួន​ពី ១០ លាន​រៀល ទៅ ៥០ លាន​រៀល ចំពោះ​បុគ្គល​ណា ដែល​នាំចូល​ដោយ​ចេតនា នូវ​សត្វ ឬ ផលិតផល​សត្វ ដែលមាន​ជំងឺឆ្លង ឬ​ផ្ទុកមេរោគ​បង្ក​ជំងឺ ខូចគុណភាព ឬ បង្ក​គ្រោះថ្នាក់​ដល់ សុខភាព​មនុស្ស សត្វ មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕

       

Leave a Reply

Your email address will not be published. Required fields are marked *