ព័ត៌មានជាតិ

បញ្ជូនជនជាតិចិន និងវៀតណាម១៤នាក់ ទៅតុលាការពាក់ព័ន្ធបន្លំជាមន្ដ្រីសុខាភិបាល ចុះយកសំណាកជនជាតិចិន និងចាប់បង្ខាំងជំរិតទារលុយ ៣ម៉ឺនដុល្លារ

ចំពោះករណីនេះគឺជាបទល្មើសថ្មីដែលកម្លាំងនគរបាលជំនាញមិនធ្លាប់ជួបទាល់តែសោះ ស្របពេលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ដែលផ្ទុះក្នុងសហគមន៍ ដោយជនជាតិចិន និងវៀតណាមមួយក្រុមសរុប១៤នាក់ បានបន្លំខ្លួនជាមន្ដ្រីសុខាភិបាលចុះយកសំណាក និងនាំជនជាតិចិនដូចគ្នាមកធ្វើចត្តាឡីស័ក រួចចាប់បង្ខាំង ធ្វើទារុណកម្ម ដើម្បីជំរិតទារប្រាក់ពីជនរងគ្រោះ ៣ម៉ឺនដុល្លារ។

មន្ដ្រីនគរបាលក្រសួងមហាផ្ទៃ ធ្លាប់បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឱ្យដឹងថា ករណីនេះកម្លាំងជំនាញបង្ក្រាបបាន នៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បន្ទាប់ទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះដែលជាជនជាតិចិន នៅសណ្ឋាគារ POSITANO BOUTIQUE HOTEL ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។

ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន, ខណ្ឌដូនពេញ, ខណ្ឌសែនសុខ និងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានបញ្ជាក់ថា តាមអ្វីដែលសមត្ថកិច្ចទទួលបានដំបូងឡើយមានជនជាតិចិន និងវៀតណាមមួយក្រុម ពាក់ឯកសណ្ឋានស្រដៀងក្រុមគ្រូពេទ្យ ហើយអះអាងថា ចុះមកយកសំណាករបស់ជនរងគ្រោះនៅសណ្ឋាគារមួយកន្លែង ក្នុងខណ្ឌចំការមន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។

ពេលនោះជនរងគ្រោះ មកព្រមជាមួយក្រុមជនសង្ស័យ ហើយក្រុមជនសង្ស័យ បានយកជនរងគ្រោះមកទុកក្នុងខុនដូរ SkyLine ស្ថិតនៅខណ្ឌ៧មករា ដោយប្រើប្រាស់អំពើហិង្សា និងជំរិតទារប្រាក់ពីជនរងគ្រោះ៣ម៉ឺនដុល្លារជាថ្នូរនឹងការដោះលែង។ ក្រោយមកជនរងគ្រោះបានព្រមព្រៀង ប្រគល់លុយចំនួន៣ម៉ឺនដុល្លារ ឲ្យក្រុមជនសង្ស័យ ទើបនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ក្រុមជនសង្ស័យបានព្រមដោះលែងជនរងគ្រោះ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្រោយទទួលបានពាក្យបណ្ដឹងកម្លាំងនគរបាលជំនាញ បានរួមសហការគ្នាស្រាវជ្រាវជាបន្ដបន្ទាប់ រហូតកំណត់បានមុខសញ្ញា និងអត្តសញ្ញារបស់ជនសង្ស័យ និងបើកប្រតិបត្តិការបង្ក្រាបបានជាបន្ដបន្ទាប់ ចំនួន១៤នាក់ ក្នុងនោះជនជាតិចិន៧នាក់ និងជនជាតិវៀតណាម៧នាក់ ព្រមទាំងរំដោះបានជនរងគ្រោះម្នាក់ផងដែរ។

ក្នុងនោះកម្លាំងនគរបាលជំនាញ ដកហូតបានខ្នោះដៃចំនួន០៣គូរ, ដំបងឆក់០១, កាំបិតកៃ០៤, ដំបងដែករលាស់០៤ និងរថយន្ដមួយគ្រឿង ដែលជាមធ្យោបាយសម្រាប់ធ្វើសកម្មភាព ហើយពួកគេបានយកទៅលាក់ទុកនៅទឹកដីខណ្ឌសែនសុខ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសួរនាំ ជនសង្ស័យទាំង១៤នាក់នោះ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *