ព័ត៌មានសន្តិសុខសង្គម

ករណី​សម្លាប់​ក្មេងប្រុស​អាយុ​១០​ឆ្នាំ នៅ​ខណ្ឌ​ច្បារអំពៅ ជា​ករណី​ប៉ុនប៉ង​រំលោភ និង​គំនុំ​គំ​គួ​ន​

ភ្នំពេញ​: លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជាវ វិបុល បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កាលពី​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២១ បាន​ដឹកនាំ​សហការ​ជាមួយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​, អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ និង​អង្គភាព​ការពារ​កុមារ (CPU) ធ្វើការ​ស្រាវជ្រាវ​រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ អុន ភា​មុន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ចំណុច​វត្ត​ជ្រោយ​អំពិល ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​រំលោភ​សម្លាប់ កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​ដីឡូត៍​គ្មាន​លេខ ផ្លូវ​ថៃ​ហ្គ័​រ ភូមិ​របោះ​អង្កាញ់​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​។​

​តាម​ចម្លើយ​ជនសង្ស័យ​ខាងលើ បាន​សារភាពថា​៖ នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​រំលោភ ហើយ​វាយ​សម្លាប់​ជនរងគ្រោះ​ឈ្មោះ ជា ប៊ុនហេង ភេទ​ប្រុស អាយុ​១០​ឆ្នាំ ជនជាតិខ្មែរ នៅ​ចំណុច​កន្លែងកើតហេតុ​ខាងលើ ដែល​ត្រូវជា​ជីដូនមួយ​សាច់ថ្លៃ​របស់ខ្លួន ប្រាកដ​មែន​។ មូលហេតុ​ដែល​ខ្លួន​វាយ សម្លាប់​ក្មេងរងគ្រោះ​ខាងលើ ដោយសារ​ពីមុនមក​ក្រុមគ្រួសារ​ក្មេងរងគ្រោះ​ធ្លាប់​មើលងាយ​ខ្លួន​ថា ជា​មនុស្ស​ខ្ជិល​គ្មាន​ការងារ​ធ្វើ ទើប​កើត​ជាការ​គុំ​គួ​ន​ក្នុង​ចិត្ត​។​

​រហូតដល់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ ខ្លួន​ក៏មាន​គម្រោង​យក​ក្មេងរងគ្រោះ​ទៅ​រំលោភ ហើយ​នៅវេលា​ម៉ោង​ប្រហែល ១៥៖០០​នាទី ខ្លួន​បានដឹងថា ក្មេងរងគ្រោះ​បាន​យក​ត្រី​ទៅ​ព្រលែង ក្នុង​ស្រះ​មុខ​វត្ត​ជ្រោយ​អំពិល ទើប​ខ្លួន​បាន​ជិះ​ម៉ូតូ​ម៉ាក MSX ពណ៌​ស ស្លាក​លេខ ភ្នំពេញ​1FJ-8384 ទៅយក​ក្មេងរងគ្រោះ ដោយ​លួងលោម​ក្មេងរងគ្រោះ​ថា ទៅ​ទិញ​ប្រហិត​នៅ​ម្តុំ​រោងចក្រ​ថៃ​ហ្គឺ​។​

​ក្រោយពី​ទិញ​ប្រហិត​រួច ខ្លួន​បាន​ជិះ​ឌុប​ក្មេងរងគ្រោះ ទៅមុខ​បន្តទៀត​ដោយ​ញាំ​ប្រហិត​នៅលើ​ម៉ូតូ​តែម្តង ពេល​កំពុង​ជិះ​ម៉ូតូ​នោះ ក្មេងរងគ្រោះ​បាន​វាយ​ក្បាល​ខ្លួន ចំនួន​០២​ដៃ ដែល​បង្ក​ឲ្យ​ខ្លួន​កាន់​តែមាន​កំហឹង​។ បន្ទាប់មក ខ្លួន​បាន​ជិះ​ម៉ូតូ​ទៅ​ឈប់​នៅ​កន្លែង​កើត​ខាងលើ ហើយ​ខ្លួន​បាន​និយាយ​លួងលោម បញ្ចុះបញ្ចូល​ក្មេងរងគ្រោះ​ឲ្យ​ចុះទៅ​បេះ​ក្រអៅឈូក​។​

​ពេល​ចូល​ទៅដល់​កន្លែង​ស្ងាត់ ខ្លួន​ក៏​ធ្វើ​សកម្មភាព​ស្រាតខោ តែ​ក្មេងរងគ្រោះ​ប្រកែក ខ្លួន​ក៏​វាយ​ក្មេងរងគ្រោះ​ចំនួន​០២​ដៃ ហើយ​កាច់​មែកឈើ​ទំហំ​ប៉ុន​ក៏​ដៃ​ក្មេង វាយ​ក្បាល ពី​ដង​ឈើ និង​ចាក់​ត្រង់​ពោះ​ក្មេងរងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់ ទើប​ខ្លួន​ធ្វើ​សកម្មភាព​រំលោភ​ម្តងទៀត តែដោយសារ​ភ័យ​ពេក​មិនបាន​សម្រេច​កាម​នោះទេ ខ្លួន​ក៏​គេច​ចេញពី​កន្លែងកើតហេតុ មក​សំងំ​ក្នុងផ្ទះ​នៅក្រោយ​វត្ត​ជ្រោយ​អំពិល ដូចជា​គ្មាន​រឿង​អ្វី​។​

​បច្ចុប្បន្ន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បានប្រគល់​ជនសង្ស័យ និង​វត្ថុតាង​ឲ្យ​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ កសាង​សំណុំរឿង​តាម​នីតិវិធី​៕​

 

Leave a Reply

Your email address will not be published. Required fields are marked *