ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរ​ដក​អាជ្ញាប័ណ្ណ ផ្ទះសំណាក់ “​ស្វាយ តានី ៦១១” ដោយសារ​ឲ្យ​ក្មេងៗ ប្រើប្រាស់​គ្រឿងញៀន​

អាជ្ញាធរ​ស្រុក​ស្អាង សម្រេច​ដក​អាជ្ញាប័ណ្ណ ផ្ទះសំណាក់ “​ស្វាយ តានី ៦១១” ស្ថិតនៅ​ភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ក្រោយ​រកឃើញថា ជា​កន្លែង​ផ្តល់​ទីតាំង​អោយ​ក្មេងៗ ប្រើប្រាស់​គ្រឿងញៀន និង ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​ចុះបង្ក្រាប​ជាច្រើនលើក​ច្រើនសារ តែ​ហាក់​មិន​បញ្ឈប់​សកម្មភាព​ល្មើស ទាល់តែសោះ​។​

​លោក​ឧ​ត្ត​ម​ស​នី​យ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល ថ្លែង​នា​ល្ងាច​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២១ នេះ ថា «​ផ្ទះសំណាក់​នេះ ខ្ញុំ​ឯកភាពគ្នា​ជាមួយ​លោក​អភិបាលស្រុក​ស្អាង​ហើយ គឺ ដក​អាជ្ញាប័ណ្ណ​អាជីវកម្ម លែង​ឲ្យ​ដំណើរការ​បន្តទៅទៀត​»​។​

​ជាក់ស្តែង កាលពី​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១ កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក​ស្អាង សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្អាង​ភ្នំ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដែល​កំពុងធ្វើដំណើរ​តាមផ្លូវ យក​គ្រឿង​ញឿ​ន​ទៅប្រើ​ប្រាស់​ក្នុងផ្ទះ​សំណាក់ ស្វាយ តានី ៦១១​។ ពេលនោះ សមត្ថកិច្ច ឈានដល់​ចូល​ផ្ទះសំណាក់ ស្វាយ តានី ៦១១ ឃើញ​ក្មេងៗ​៧​នាក់ ទៀត កំពុង​រង់ចាំ​មិត្តភក្តិ​២​នាក់ នេះ យក​គ្រឿងញៀន​មកអោយ​ប្រើប្រាស់​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​២​នាក់ រួមមាន ឈ្មោះ ឆេង សុខ​ឡាយ អាយុ​១៦​ឆ្នាំ និង ឈ្មោះ​ទូច អ៊ី​តាន់ អាយុ​១៨​ឆ្នាំ​។ វត្ថុតាង​ចាប់យក​រួមមាន គ្រឿងញៀន​៤​កញ្ចប់​តូច ម៉ូតូ​ចំនួន​១​គ្រឿង​ម៉ាក Beat ពណ៌ សលាយ​ខៀវ ស្លាក​លេខ កណ្តាល 1AG-6468 ទូរស័ព្ទ​ចំនួន​១​គ្រឿង​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ ឈ្មោះ ឆេង សុខ​ឡាយ និង​ឈ្មោះ ទូច អ៊ី​តាន់ សារភាពថា គ្រឿងញៀន នេះ ខ្លួន​បាន​ទិញ​ពី​ឈ្មោះ សារឹម ពៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល ចំនួន​៤​កញ្ចប់​តូច​តម្លៃ​៣​ម៉ឺន​រៀល ដើម្បី​យកទៅ​ប្រើប្រាស់​។​

​ដោយឡែក ក្មេងៗ​៧​នាក់ ដែល​ឃាត់ខ្លួន​ក្នុងផ្ទះ​សំណាក់ ស្វាយ តានី ៦១១ ត្រូវបាន​អនុញ្ញាតអោយ​ត្រឡប់ទៅផ្ទះ​វិញ បន្ទាប់ពី​ធ្វើតេស្ត មិនឃើញ​មាន​សារធាតុ​ញៀន​៕​

 

Leave a Reply

Your email address will not be published. Required fields are marked *