ព័ត៌មានជាតិ

លោក គួច ចំរើន កំពុងពិចារណាមិនឲ្យអ្នកមិនចាក់វ៉ាក់សាំង ចេញចូលខេត្តព្រះសីហនុ

មនុស្សគ្រប់រូប អាចធ្វើដំណើរចេញចូលខេត្តព្រះសីហនុបានធម្មតាដូចមុន ឬក៏អនុញ្ញាតឲ្យតែអ្នកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងអ្នកមានភារកិច្ចចាំបាច់ ធ្វើដំណើរចេញចូល ហើយអ្នកមិនបានចាក់វ៉ាក់សាំង នឹងត្រូវហាមមិនឲ្យធ្វើដំណើរចេញចូល? ចំណុចនេះ កំពុងស្ថិតក្នុងការពិចារណារបស់រដ្ឋបាលខេត្តព្រះសីហនុ។


តាមរយៈទំព័រហ្វេសប៊ុក នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហោះសារដូច្នេះថា៖«រដ្ឋបាលខេត្តព្រះសីហនុ កំពុងពិចារណាផ្តល់ការអនុញ្ញាតជូនចំពោះតែអ្នកដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនពីរលើករួចរាល់ និងមានភាពចាំបាច់ត្រូវធ្វើដំណើរចេញចូលក្នុងខេត្តព្រះសីហនុតែប៉ុណ្ណោះ នៅក្រោយពេលបម្រាមធ្វើដំណើរឆ្លងខេត្តរបស់រាជរដ្ឋាភិបាលបានបញ្ចប់»។

យ៉ាងណាក៏ដោយ មានបុគ្គលខ្លះ មិនអាចចាក់វ៉ាក់សាំងបានឡើយ ដោយអាស្រ័យលើបញ្ហាសុខភាពឬលក្ខខណ្ឌផ្សេងទៀតរបស់បុគ្គលនោះ។ បុគ្គល ដែលមានបញ្ហាសុខភាព ឬស្ថិតក្នុងលក្ខខណ្ឌមិនអាចចាក់វ៉ាក់សាំងបាន ជាទូទៅ ទទួលបានការលើកលែងនិងការអនុគ្រោះពីវិធានការនានារបស់អាជ្ញាធរ។

ការពិចារណាផ្តល់ការអនុញ្ញាតជូនចំពោះតែអ្នកដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនពីរលើករួច និងមានភាពចាំបាច់ត្រូវធ្វើដំណើរចេញចូលក្នុងខេត្តព្រះសីហនុនេះ គឺជាគំនិតរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ នេះជាការអះអាងរបស់លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ មកកាន់សារព័ត៌មានថ្មីៗ។

បើតាមអ្នកនាំពាក្យដដែល ការពិចារណបែបនេះ ក៏ព្រោះតែលោក គួច ចំរើន និងរដ្ឋបាលខេត្តព្រះសីហនុ ចង់លើកទឹកចិត្តឲ្យពលរដ្ឋទៅចាក់វ៉ាក់សាំងបង្កាកូវីដ-១៩។ អ្នកនាំពាក្យ ថ្លែងថា៖«បច្ចុប្បន្នយើងកំពុងសិក្សាលក្ខខណ្ឌចេញ-ចូលបន្ថែម ចំពោះពលរដ្ឋដែលបានចាក់វ៉ាក់សាំងលើកទី២រួច ក្នុងការអនុញ្ញាតឱ្យចេញ-ចូលខេត្តព្រះសីហនុ ក្រោយពេលបម្រាមធ្វើដំណើរឆ្លងខេត្តរបស់រាជរដ្ឋាភិបាលបានបញ្ចប់»។

ការពិចារណារបស់រដ្ឋបាលខេត្តព្រះសីហនុ ឲ្យអ្នកចាក់វ៉ាក់បង្ការកូវីដ-១៩លើកទី២រួច ចេញ-ចូលខេត្តព្រះសីហនុក្នុងចាំបាច់ណាមួយនេះ លោក ឃាង ភារម្យ បានបញ្ជាក់ថា គឺចង់សំដៅឱ្យពលរដ្ឋយល់ឃើញថា ការវ៉ាក់សាំងបង្ការកូវីដ-១៩ គឺជាភាពចំបាច់ក្នុងការការពារអាយុជីវិត មិនមែនគ្រាន់តែវ៉ាក់សាំងដើម្បីចេញ-ចូលខេត្តព្រះសីហនុនោះទេ។

លោក ឃាង ភារម្យ ពន្យល់ថា រដ្ឋបាលខេត្តព្រះសីហនុ ក៏កំពុងពិចារណាដែរ ក្នុងការលើកលែងចំពោះពលរដ្ឋមិនទាន់បានវ៉ាក់សាំងបង្ការកូវីដ-១៩ ប៉ុន្តែមានភាពចាំបាច់ក្នុងការចេញ-ចូលខេត្តព្រះសីហនុ។ លោក ថ្លែងថា៖«កន្លងមក វិធានការរដ្ឋាភិបាល មានការលើកលែងចំពោះពលរដ្ឋដែលមានភាពចាំបាច់ក្នុងការចេញចូលពីខេត្តមួយទៅខេត្តមួយ ហើយខាងរដ្ឋបាលខេត្តព្រះសីហនុ ក៏កំពុងពិចារណាការលើកលែងបែបនេះដែរ»។

បម្រាម ដែលរដ្ឋាភិបាល ហាមមិនឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងខេត្ត នឹងផុតនៅក្រោយថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ លើកលែងតែការធ្វើដំណើរចេញចូលរវាងរាជធានីភ្នំពេញនិងខេត្តកណ្តាលប៉ុណ្ណោះ ដែលរដ្ឋាភិបាល អនុញ្ញាតក្នុងអំឡុងពេលនេះ។ រាល់វិធានការរបស់រដ្ឋាភិបាល ទាក់ទងនឹងបម្រាមធ្វើដំណើរ តែងមានការលើកលែងចំពោះករណីចាំបាច់មួយចំនួន៕

Leave a Reply

Your email address will not be published. Required fields are marked *