ព័ត៌មានជាតិ

អ្នកឧកញ៉ា លី ហួរ គោរពជូនពរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ខ្ញុំបាទអ្នកឧកញ៉ា លី ហួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សូមសម្តែងនូវមនោសញ្ចេតនា សេចក្តីសោមនស្សរីករាយ និងដឹងគុណ គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមសម្តេចបានប្រកបនូវសុខភាពបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាព និង ភាពសម្បូរសប្បាយរុងរឿងជានិច្ចនិរន្តរ៍។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុងឧត្តមនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវសេចក្តីអំណរអរគុណដ៏ស្មោះអស់ពីដួងចិត្ត ចំពោះគំរូវីរភាពដ៏ឆ្នើមរបស់ សម្តេចតេជោ ដែលបានលះបង់ ចំពោះបុព្វហេតុក្នុងការដឹកនាំរាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលធំៗជាច្រើនជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ទឹកដីដ៏ពិសិដ្ឋដែលមានរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ កន្លងមកបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងប្រជាជនឲ្យរួចផុតពីទុក្ខវេទនាភាពក្រីក្រគ្មានទីពឹង និងមានការរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។ ពីមួយថ្ងៃទៅមួយថ្ងៃ ដែនដីសុវណ្ណភូមិមួយនេះ កាន់តែរីកចម្រើន និងវិវឌ្ឍន៍ក្លាយជាប្រទេសមានសុខដុមរមនា សុខសន្តិភាព  ជីវភាពធូរធារសម្បូរសប្បាយ និង ល្បីរន្ទឺពាសពេញសកលលោក។ មហាជោគជ័យដ៏ធំធេងមួយនេះ ធ្វើឲ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍជឿនលឿន បោះជំហានទៅមុខប្រកបដោយសក្តានុពលភាព និងទទួលបាននូវកិត្យានុភាពដ៏ស័ក្តិសមលើឆាកអន្តរជាតិ។

ជាថ្មីម្តងទៀតក្នុងឱកាសដ៏បវរសួស្តីនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាម មណ្ឌាទេវី សូមទ្រង់តាមជួយបីបាច់ថែរក្សាប្រោះព្រំចម្រុងចម្រើន និង សូមគោរពជូនពរ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ  អាយុ វណ្ណៈ  សុខៈ  ពលៈ  កុំបីឃ្លៀងឃ្លាតឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *