ព័ត៌មានជាតិ

អ្នកឧកញ៉ា លី ហួរ ថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លាមង្គលសួស្តី នៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ទូលព្រះបង្គំជាខ្ញុំអ្នកឧកញ៉ា លី ហួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សូមសម្តែងនូវសេចក្តីអំណរសាទរឥតឧបមា ទូលថ្វាយចំពោះព្រះមហាករុណាទិគុណ និងព្រះព្រហ្មវិហារធម៌ដ៏ថ្លៃថ្លារបស់ព្រះអង្គ ក្នុងវិស័យព្រះពុទ្ធសាសនា អប់រំសិក្សាធិការ សង្គមកិច្ច សុខុមាលភាព ជីវភាពរស់នៅរបស់ប្រជានុរាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដ៏មហាប្រសើរនេះផងដែរ ទូលព្រះបង្គំយើងខ្ញុំ សូមទូលថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា មហាប្រសើរគ្រប់យ៉ាង សូមព្រះអង្គទ្រង់ប្រកបដោយព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ ជាព្រះម្លប់ដ៏ត្រជាក់ត្រជំសម្បូរសប្បាយ ចម្រុងចម្រើន ថ្កុំថ្កើងរុងរឿងរបស់មាតុភូមិកម្ពុជាជាទីស្នេហា និងប្រជានុរាស្រ្តរបស់ព្រះអង្គ និងដើម្បីបន្តព្រះរាជបេសកកម្មដ៏ឧត្តុងឧត្តម។ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ គុណបុណ្យបារមីព្រះឥន្ទ ព្រះព្រហ្ម ព្រះអង្គចេក ព្រះអង្គចម ព្រមទាំងបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូមព្រះអង្គតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំ ព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះព្រះករុណាថ្លៃវិសេស សូមព្រះអង្គទ្រង់ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ។

សូម ព្រះករុណាព្រះអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់ព្រះមេត្តាទទួលនូវគារវភក្តីភាពដ៏ស្មោះស្ម័គ្រ និងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *