ព័ត៌មានជាតិ

ហួសចិត្តខ្លួនជាសមត្ថកិច្ច បែរជាមកជួយកាងគ្រឿងចក្រកាយដីនៅតំបន់២ គ្មានក្រែងញញើតច្បាប់បន្តិចទាល់តែសោះ

ហួសចិត្តខ្លួនជាសមត្ថកិច្ច បែរជាមកជួយកាងគ្រឿងចក្រកាយដីនៅតំបន់២ គ្មានក្រែងញញើតច្បាប់បន្តិចទាល់តែសោះ




កំពង់ឆ្នាំង៖ មានហេតុការណ៍គួរអោយហួសចិត្តបានមួយកើតឡើង ខណៈអ្នកសារព័ត៌មានបានឃើញហេតុការណ៍មួយដោយឃើញ លោក ទុំ សារ៉ុន នាយរងប៉ុស្តិ៍រដ្ឋបាលកំពង់ព្រះគគីរ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង មិនសហការបង្ក្រាបបទល្មើសសកម្មភាពគ្រឿងចក្រកាយបកដីនៅតំបន់២ ដឹកយកអាចម៍ដីទៅលក់ បែរជាខំនិយាយតវ៉ាកាងក្រុមគ្រឿងចក្រទាំងនោះ ហើយអះអាងថា មានច្បាប់គ្រប់គ្រាន់ និង បានបញ្ជាអោយឡានបើកចេញយ៉ាងគឃ្លើន មិនក្រែងញញើតច្បាប់ក្នុងនាមខ្លួនជាមន្ត្រីនគរបាលមួយរូបទាល់តែសោះ។

សូមបញ្ជាក់ថា៖ កាលពីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានក្រុមគ្រឿងចក្រនិងរថយន្តដឹកដីបានធ្វើសកម្មភាព កកាយបកដីនៅតំបន់២ ដឹកយកអាចម៍ដី ដោយគ្មានច្បាប់ នៅចំណុចខាងកើតប្រឡាយ ស្ថិតក្នុងភូមិកំពង់ព្រះគគីរ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

ពេលនោះអ្នកសារព័ត៌មាន បានចុះទៅដល់កន្លែងកំពុងប្រព្រឹត្ត នៅវេលាម៉ោង១១:៣០នាទី ដើម្បីថតផ្តិតយករូបភាព រួចរាយការណ៍ទៅលោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផល។ ពេលនោះលោក តាត សីហាក់ ប្រាប់តាមទូរស័ព្ទថា បានចាត់អោយក្រុមការងាររបស់លោកចុះមកពិនិត្យ។

ពេលឮដូច្នេះ លោក ទុំ សារ៉ុន នាយរងប៉ុស្តិ៍រដ្ឋបាលកំពង់ព្រះគគីរ បានបញ្ចេញប្រតិកម្មដោយហិង្សា មានបំណងរារាំងសមត្ថកិច្ចពេលមកដល់ដោយបញ្ជាឲ្យគ្រឿងចក្រអេស្កាវ៉ាទ័រ១គ្រឿង រថយន្តបែនដឹកដី៤គ្រឿង ត្រាក់ទ័រមួយគ្រឿង បើកចេញអស់ដោយគ្មានញញើត។ មិនតែប៉ុណ្ណោះថែមទាំងប្រើពាក្យសំដីមិនសមរម្យរកកលបង្កហិង្សា មកលើអ្នកសារព័ត៌មានទៀតផង។

ពាក់ព័ន្ធនឹងសកម្មភាពកោងកាច និង អសីលធម៌បែបនេះ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងភូមិ បានឲ្យដឹងថា លោក ទុំ សារ៉ុន នាយរងប៉ុស្តិ៍រដ្ឋបាលកំពង់ព្រះគគីរ រូបនេះតែងតែធ្វើសកម្មភាពបែបគ្មានសីលធម៌ មិនដែលញញើតនឹងនរណាម្នាក់ឡើយ ហើយមិនសូវមាននរណាចង់រាប់អានដែរ ដោយរាប់អានបានត្រឹមបក្ខពួករបស់ខ្លួនមួយក្តាប់តូចប៉ុណ្ណោះ។

តាមប្រភពព័ត៌មានបានឲ្យដឹងទៀតថា៖ លោកទុំ សារ៉ុន នាយរងប៉ុស្តិ៍រដ្ឋបាលកំពង់ព្រះគគីរ ធ្លាប់ត្រូវបានថ្នាក់លើបញ្ឈរជើងម្ដងរួចមកហើយ តែនៅតែមិនរាងចាល មិនដឹងអាងអ្វីនោះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *