ព័ត៌មានជាតិ

ប្រជាពលរដ្ឋត្អូញត្អែរប្រាប់សារព័ត៌មានថា៖ តុលាការខេត្តព្រៃវែង មិនទាន់ផ្តល់ភាពយុត្តិធម៌ ជូនគ្រួសារគាត់

ព្រៃវែង៖ លោក សៀក ជឿន រួមទាំងក្រុមគ្រួសារ ដែលរស់នៅភូមិព្រៃមាស ឃុំអង្គរាជ ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានត្អូញត្អែរប្រាប់សារព័ត៌មានថា៖ តុលាការខេត្តព្រៃវែង មិនទាន់ផ្តល់ភាពយុត្តិធម៌ ជូនគ្រួសារគាត់ ខណៈរឿងក្តីរបស់គាត់ឡើងជិតមួយឆ្នាំហើយ បើគិតមកដល់ពេលនេះ នៅមិនទាន់បានកាត់ក្ដីរកយុត្តិធម៌ឲ្យគ្រួសាររបស់គាត់។

ពលរដ្ឋរូបនោះបានថ្លែងថា៖ កាលពីវេលាម៉ោង ៧:៣០នាទីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅភូមិព្រៃមាស ឃុំអង្គរាជ ស្រុកព្រះស្ដេច ខេត្តព្រៃវែង មានករណី (ជេរប្រមាថ ដៀលត្មះ គំរាមសម្លាប់) ត្រង់ចំណុចផ្ទះលក់ចាប់ហួយ បង្កដោយបុគ្គលម្នាក់ ឈ្មោះ អែម សាទុំ ភេទស្រី អាយុប្រហែល ៤៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពបានរៀបរាប់ដែរថា៖ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ លោក ទុង រតនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រៃវែង បានកោះហៅ ភាគីពាក់ព័ន្ធទាំងអស់ដើម្បីសាកសួរបំភ្លឺ ប៉ុន្តែឈ្មោះ អែម សាទុំ ដែលជាជនត្រូវចោទមិនព្រមចូលខ្លួនតាមដីកាកោះហៅរបស់តុលា។

រហូតមកដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ស្រាប់តែមានដីកាកោះហៅរបស់លោក ចាន់ វណ្ណៈ តំណាងអយ្យការ នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង បានកោះហៅពួកគាត់ ៣នាក់ ឪពុកម្តាយ ហើយនិងកូន ដោយចោទប្រកាន់ពួកគាត់ ៣នាក់ ឪពុកម្តាយ និងកូន ពីបទ ជេរប្រមាថជាសាធារណៈ «ប៉ុន្តែក្នុងដីកាកោះហៅនោះមិនបានបញ្ជាក់ឈ្មោះដើមចោទនោះទេ» ហើយនៅក្នុងការចោទប្រកាន់នេះ លោក សៀក ជឿន និងគ្រួសារ ក៏មិនដឹងថា អ្នកណាជាអ្នកប្ដឹងគាត់ឲ្យពិតប្រាកដដែរ ខណៈគ្រួសារគាត់បានទៅតាមការកោះហៅប៉ុន្តែខាងតុលាការបានពន្យាពេល ហើយគ្រួសាររបស់គាត់គឺជាជនរងគ្រោះ នៅមិនទាន់បានភាពយុត្តិធម៌ផង បែរជាមានការចោទប្រកាន់ពីបទ «ជេរប្រមាថជាសាធារណៈ» ទៅវិញ។

ពាក់ព័ន្ធទៅនិងករណីខាងលើនេះលោក សៀក ជឿន រួមទាំងក្រុមគ្រួសារ សុំសំណូមពរដល់ ឯកឧត្តមប្រធានតុលាការខេត្តព្រៃវែង មេត្តាជួយពន្លឿនរឿងក្ដី និងរកយុត្តិធម៌ជូនដល់គ្រួសារគាត់ផង៕

ចំពោះករណីខាងលើនេះខាងសារព័ត៌មានយើងខ្ញុំនឹងរង់ចាំធ្វើ ការបំភ្លឺពីភាគីពាក់ព័ន្ធម្ខាងទៀតរាល់ពេលវេលា ។
សូមទំនាក់ទំនងតាមលេខទូរស័ព្ទ 017 883 559 / 093 655 429 សូមអរគុណ

Leave a Reply

Your email address will not be published. Required fields are marked *