ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យសមត្ថកិច្ចស្រាវជ្រាវ តាមចាប់ឲ្យបាននូវជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលរត់គេចខ្លួន ដើម្បីបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានណែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ច ធ្វើការស្រាវជ្រាវ តាមចាប់ឲ្យបាននូវជនបង្កគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលរត់គេចខ្លួន ដើម្បីបញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមច្បាប់។

លើសពីនោះទៀត សម្តេចក្រឡាហោម ស ខេង ក៏បានណែនាំឲ្យមានការចែករំលែក ព័ត៌មានសាវតារជាតិរបស់ជនបង្ក ដែលរត់គេចខ្លួន ជូនដល់គ្រប់ក្រុមហ៊ុន សហគ្រាសទាំងរដ្ឋ និងឯកជនដែលពាក់ព័ន្ធ ឲ្យបានជ្រាប និងចូលរួមសហការ។

នេះបើតាមសេចក្តីណែនាំ របស់សម្ដេចក្រឡាហោម ស ខេង ស្តីពីវិធានការបង្ការ និងទប់ស្កាត់ កំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ។

សម្ដេចក្រឡាហោមបានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវចាត់ស្រាវជ្រាវ តាមចាប់ឲ្យបាននូវជនបង្ក គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលរត់គេចខ្លួន ដើម្បីបញ្ជូនទៅតុលាការ និងត្រូវចែករំលែកព័ត៌មានសាវតារជាតិ របស់ជនបង្ក ដែលរត់គេចខ្លួន ជូនដល់គ្រប់ក្រុមហ៊ុន សហគ្រាសទាំងរដ្ឋ និងឯកជនដែលពាក់ព័ន្ធឲ្យបានជ្រាប និងចូលរួមសហការ»

សម្តេចក្រឡាហោម ស ខេង ក៏បានស្នើឲ្យបង្កើនការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ឲ្យមានរបៀបរៀបរយ ដោយធ្វើការរឹតបន្តឹងអនុវត្តច្បាប់ ចំពោះករណីល្មើស ក្នុងការចតយានយន្ត ការមិនគោរពភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា និងការប្រើប្រាស់ចិញ្ចើមផ្លូវ ដោយគ្មានការអនុញ្ញាត និងត្រូវយកចិត្តទុកដាក់ដោះស្រាយ ការកកស្ទះចរាចរណ៍ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

បន្ថែមពីនោះទៀត សម្ដេចក្រឡាហោម ស ខេង បន្ដថា ត្រូវបង្កើនការផ្សព្វផ្សាយអប់រំ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យបានកាន់តែទំលំទូលាយថែមទៀត និងត្រូវពង្រឹងថែមទៀត នូវប្រព័ន្ធសង្គ្រោះបន្ទាន់ ដល់ជនរងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក អំពីយន្តការមធ្យោបាយ និងការទំនាក់ទំនងព័ត៌មាន សំដៅធ្វើការសង្គ្រោះ ប្រកបដោយជំនាញវិជ្ជាជីវៈ និងបានឆាប់ទាន់ពេលវេលា៕

Leave a Reply

Your email address will not be published. Required fields are marked *