ព័ត៌មានសន្តិសុខសង្គម

ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ស្ទាក់ចាប់រថយន្តហាយឡែនឌ័រមួយគ្រឿង ផ្ទុកឈើប្រណីតរាប់សិបដុំ

ខេត្តព្រះវិហារ៖ រថយន្តហាយឡែនឌ័រមួយគ្រឿង ដែលផ្ទុកឈើប្រណិតយ៉ាងពេញណែន បានរងការបង្ក្រាបពីកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត សហការជាមួយផ្នែករដ្ឋបាលព្រៃឈើរវៀង ក្រោមការបញ្ជាបង្ក្រាប ពីប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ គ្រារថយន្តមួយគ្រឿងនោះ បានចរាចរណ៍នៅលើដងផ្លូវជាតិលេខ៦២ នាវេលាម៉ោងប្រមាណជា ៦ព្រឹក ថ្ងៃទី១៦ធ្នូឆ្នាំ២០២០ នៅចំណុចគីឡូម៉ែត្រលេខ៥៩ ស្ថិតក្នុងភូមិរំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។ នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម បានប្រាប់ឲ្យដឹងថា កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើ បានអនុវត្តតាមការណែនាំ និងវិធានការរឹតបន្តឹង បង្ក្រាបបទល្មើសធនធានធម្មជាតិ ពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ដែលមានលោក ប្រាក់ សុវណ្ណ ជាប្រធាន ខណ្ឌ និងគ្រប់ផ្នែករដ្ឋបាលព្រៃឈើ តែងបានចុះទប់ស្កាត់ និងបង្ក្រាបគ្រប់ទម្រង់ នៃបទល្មើសធនធានធម្មជាតិ ទាំងការបើករោងសិប្បកម្មកែច្នៃឈើ និងការដឹកជញ្ជូនឈើ ដោយគ្មានច្បាប់អនុញ្ញាត តាមគ្រប់រូបភាពទាំងអស់។ លោក នួន សុខុម បានប្រាប់ឲ្យដឹងទៀតថា នៅថ្ងៃ១៦ធ្នូនេះ កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានទទួលដំណឹងមកថា មានរថយន្តហាយឡែនឌ័រមួយគ្រឿង ដែលមានផ្ទុកឈើប្រណិតនៅក្នុងនោះយ៉ាងពេញណែន បានធ្វើចរាចរណ៍ចេញពីភូមិធ្មារ ស្រុកជ័យសែន ហើយចូលមកដល់ស្រុករវៀង លោកបានបញ្ជាឲ្យនាយផ្នែករដ្ឋបាលព្រៃឈើរវៀង លោក ស៊ុ ស៊ីវុត្ថា ដឹកនាំមន្ត្រីចុះស្ទាក់ចាប់បានទាំងព្រឹកព្រលឹម នាំយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង។ ចំណែក តៃកុងរថយន្តដឹកឈើនោះ បានបើកទ្វាររថយន្តចុះរត់គេចបាត់ ដោយបានបន្សល់ទុកវត្ថុតាងរថយន្តដឹកឈើមួយគ្រឿងនេះ តែប៉ុណ្ណោះ។ លោកថា ឈើដែលផ្ទុកនៅក្នុងរថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ BC-6332នោះ គឺជាប្រភេទឈើប្រណិតធ្នង់ ប៉ុន្តែ មិនទាន់បានរាប់ចំនួនដុំ និងធ្វើការវាស់វែងនៅឡើយទេ ហើយវត្ថុតាងបទល្មើសទាំងនេះ នឹងត្រូវកសាងសំណុំរឿង ចាត់ការតាមច្បាប់ជាធរមាន។ គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ធ្នូ និងនៅយប់ថ្ងៃទី៤ធ្នូឆ្នាំ២០២០ កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ក្រោមបញ្ជាពីស្ថាប័នអយ្យការខេត្ត និងដឹកនាំកម្លាំងបង្ក្រាបដោយ លោក នួន សុខុម បានចុះបង្ក្រាបរោងសិប្បកម្មកែច្នៃឈើមួយកន្លែង នៅក្នុងស្រកជាំក្សាន្ត និងការដឹកជញ្ជូនឈើតាមគោយន្តកន្ត្រៃ ដោយគ្មានច្បាប់អនុញ្ញាត នៅក្នុងស្រុករវៀង បានពីរករណីផងដែរ។ នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម បានបញ្ជាក់ថា ការបង្ក្រាបរោងសិប្បកម្មកែច្នៃឈើ នៅក្នុងភូមិតេជោបុស្សស្បៅ ឃុំស្រអែម ស្រុកជាំក្សាន្ត កាលពីថ្ងៃទី៣ធ្នូមកនេះ កម្លាំងសហការបង្ក្រាប និងដកហូតបាន ម៉ាស៊ីនគោយន្ត ៣គ្រឿង ,ឌីណាម៉ូ ២គ្រឿង ,តាបឈូសឈើ ១គ្រឿង ,រណាវៀល ៣គ្រឿង ,ឈើអារប្រណិតធ្នង់ និងបេង ៦៦ដុំ ស្មើនឹង ១,០០១ (១ម៉ែត្រគូបត្រីគុណ ០០១) ,ឈើអារលេខ១ ផ្ចឹក,សុក្រម និងឈើត្រសេក ៤៨ដុំ ស្មើនឹង ១,៩៥២ (១ម៉ែត្រគូបត្រីគុណ ៩៥២) ,ឈើអារក្រៅលំដាប់ថ្នាក់ ដើមស្វាយព្រៃ ៥ដុំ ស្មើនឹង ០,២៤៩ (០ម៉ែតត្រីគុណ ២៥៩) វត្ថុតាងទាំងនេះ ត្រូវបានដឹកជញ្ជូនយកមករក្សាទុកនៅស្នាក់ការ សង្កាត់រដ្ឋបាលព្រៃឈើកន្ទួត។ លោកនាយខណ្ឌ បានបញ្ជាក់ទៀតថា នៅយប់ថ្ងៃទី៤ធ្នូឆ្នាំ២០២០ លោកបានដឹកនាំមន្ត្រី ដោយសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុករវៀង ចុះប្រតិបត្តិការបង្រ្កាបបទល្មើសព្រៃឈើ និងសត្វព្រៃ នៅភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវៀង។ លោកថា ខណៈនោះ កម្លាំងសមត្ថកិច្ច បានឃាត់ចាប់គោយន្តកន្រ្តៃ ១គ្រឿង ដឹកឈើអារលេខ១ ដោយដឹកចេញពីស្រុកជ័យសែន ឆ្ពោះទៅខេត្តកំពង់ធំ បើកបរដោយឈ្មោះ ខៀត រុន រស់នៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ។ ចំពោះវត្ថុតាង ត្រូវបាននាំយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើរវៀង ដើម្បីចងក្រងសំណុំរឿង ចាត់ការតាមច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *