ព័ត៌មានជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី នួន ស៊ុន្ទរី (ហៅ ស្រីអូន) និងលោក ឈាង រ័ត្ន ក្រុមហ៊ុន សម្រស់ធម្មជាតិដែលបានជួយឧបត្ថម្ភថវិកាចំនួន ១០០.០០០ដុល្លារ (ដប់ម៉ឺនដុល្លារអាមេរិក) ដល់កាកបាទក្រហមកម្ពុជា។

 កាកបាទក្រហមកម្ពុជា នឹងចាត់ចែងនាំយកអំណោយនេះទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃ។
កាកបាទក្រហមកម្ពុជា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសេីរចំពោះ លោកស្រី នួន ស៊ុន្ទរី និងស្វាមី ដែលមានទឹកចិត្តធំធេងក្នុងការជួយដល់ប្រជាពលរដ្ឋ តាមរយៈកិច្ចការងារមនុស្សធម៌ ក៏ដូចជាការងារសង្គមផ្សេងៗ។
អំណោយខាងលើនេះ គឺជាសក្ខីភាពនៃទឹកចិត្តជ្រះថ្លារបស់សប្បុរសជន ដែលបានបង្ហាញពីស្មារតីនៃការចែករំលែក និងកម្លាំងសាមគ្គីគ្នារបស់ប្រជាជនខ្មែរ «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ»។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតបានសរុបចំនួន ១០៤.៩៤២ គ្រួសារ។ ដោយឡែក ចាប់ពីថ្ងៃទី ១ ខែតុលា ដល់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត បានសរុបចំនួន ៤០.៥៩៣គ្រួសារ រស់នៅភូមិចំនួន១០៤១ ឃុំចំនួន៤៤៨ ស្រុកចំនួន១៧៩ និងរាជធានី-ខេត្តចំនួន២៥ (ក្នុងនោះឆ្លើយតបដោយទីស្នាក់ការថ្នាក់កណ្តាលចំនួន ១៤.៩៨៦គ្រួសារ និងដោយសាខាចំនួន ២៥.៦០៧គ្រួសារ)៕

Leave a Reply

Your email address will not be published. Required fields are marked *