ព័ត៌មានជាតិ

ពលរដ្ឋរងផលប៉ះពាល់នៅតាមដីមាត់ស្ទឹងសៀមរាប ៤០០គ្រួសារហើយ ​បានចាប់ឆ្នោតទទួលយកក្បាលដី ​នៅសល់តែប្រមាណ ១០គ្រួសារប៉ុណ្ណោះ

(សៀមរាប)៖ បន្ទាប់ពីបើកការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ រួចមក ក្រុមការងារបច្ចេកទេសាងសង់ហេដ្ឋារចនាសម្ព័ន្ធបានចុះសាងសង់ផ្លូវទាំង ៣៨ខ្សែ ហើយក្នុងគម្រោងសាងសង់នេះ ក៏មានការសាងសង់ផ្លូវមាត់ស្ទឹងសៀមរាបត្រើយខាងកើតចាប់ពីស្ពាននាគរហូតដល់ស្ពានអង្គរ។ នេះបើតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១។

រដ្ឋបាលខេត្តក៏បានបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីសម្របសម្រួលនិងដោះស្រាយលើការងារ រុះរើសំណង់នៅតាមដីចំណីស្ទឹងសៀមរាបនេះ និងការរៀបចំ ​ទីតាំងដីប្រគល់ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅតាមដីមាត់ស្ទឹងទាំងនេះ ស្ថិតនៅភូមិរុនតាឯកឃុំឃុនរានស្រុកបន្ទាយស្រី។ ជាក់ស្ដែងបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ប្រមាណ៤០០គ្រួសារ ក៏បានស្ម័គ្រចិត្តទទួលយកនូវការដោះស្រាយនេះដោយបានចាប់ឆ្នោតទទួលយកក្បាលដីដែលបានរៀបចំដោយក្រុមការងារ នៅសល់តែប្រមាណ ១០គ្រួសារប៉ុណ្ណោះ ដែលក្រុមការងារកំពុងសម្របសម្រួល និងដោះស្រាយបន្ថែមទៀត។

តាមរយៈអនុសាសន៍ណែនាំរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ក្រុមការងារបានជួយសម្របសម្រួលលើកិច្ចការងារជាច្រើនជូនដល់បងប្អូនទាំងនោះរួមមាន

១. ការសម្របសម្រួលមធ្យោបាយក្នុងការរុះរើ និងការដឹកជញ្ជូនទៅដល់ទីតាំងដែលត្រូវសាងសង់ថ្មី

២. ការសហការជាមួយកម្លាំងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ក្នុងការសំអាតកូនឈើតូចៗ និងជួយការសាងសង់លំនៅឋាន ឬរោងស្នាក់នោបណ្ដោះអាសន្ន នៅភូមិរុនតាឯក ឃុំឃុនរាម ស្រុកបន្ទាយស្រី

៣. ការរៀបចំបណ្ដាញផ្លូវថ្នល់ អគ្គិសនី ភ្លើងបំភ្លឺសាធារណៈ និងអណ្ដូងទឹកសម្រាប់ប្រើប្រាស់

៤. ការផ្ដល់នូវជំនួយសង្គមកិច្ច សុខមាលភាពជូនដល់គ្រួសារងាយរងគ្រោះ ស្ត្រីទើបសម្រាលកូន និងជនចាស់ជរាជាដើម

៥. ការរៀបចំផ្តល់សៀវភៅស្នាក់នៅ ការសម្របសម្រួលដល់ការផ្ទេរ និងចុះឈ្មោះចូលរៀន នៅសាលាដែលនៅក្បែរនោះ ជាដើម។

សូមបញ្ជាក់ជូនផងដែរថា នៅបរិវេណដីដែលបានប្រគល់ជូន មានសណ្ឋានភាគច្រើនជាកូនព្រៃរបោះតូចៗ និងដើមឈើធំតិចតួចបំផុត។ ដោយឡែកចំពោះការសំអាតទីធ្លាក្នុងបរិវេណដី ក្រុមការងារចំពោះកិច្ចនេះ ត្រូវសហការជាមួយម្ចាស់ក្បាលដីនីមួយៗ ដើម្បីដោះស្រាយតាមសំណូមពរជាក់ស្ដែង ព្រោះថាដើមឈើមួយចំនួនអាចនៅផ្ដល់ជាប្រយោជន៍ ឬជាជម្រក ឬជាម្លប់ជាដើម។

មកទល់ពេលនេះឃើញមានម្ចាស់ក្បាលដីមួយចំនួនតូច បានឈូសសំអាតទីធ្លាដល់ខ្លួនឯង ដោយសារគាត់មានលទ្ធភាពដោះស្រាយដោយខ្លួនឯងដោយមិនបានរង់ចាំ សហការជាមួយនឹងក្រុមការងារ។

រដ្ឋបាលខេត្តសៀមរាបក៏ដូចជាក្រុមការងារចំពោះកិច្ច សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការគ្រប់យ៉ាងរបស់បងប្អូនប្រជាពលរដ្ឋដែលរង​ផល​ប៉ះពាល់ទាំងនេះ និងសូមកោតសរសើរចំពោះស្មារតី ចូលរួមអភិវឌ្ឍខេត្តសៀមរាប ជាមួយអាជ្ញាធរខេត្ត ជាពិសេសការគាំទ្រលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំងនេះនៅបន្តកិច្ចសហការជាមួយក្រុមការងារចំពោះកិច្ចដូចជារដ្ឋបាលខេត្តសៀមរាប ដើម្បីដោះស្រាយទៅលើបញ្ហាប្រឈម ឬការលំបាកនានាដើម្បីឱ្យគម្រោងអភិវឌ្ឍន៍ផ្លូវទាំង៣៨ ខ្សែអាចសម្រេចទៅបានតាមការគ្រោងទុក៕

Leave a Reply

Your email address will not be published. Required fields are marked *